(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញធ្វើបទបាឋកថាស្ដីពី «ភាពជាអ្នកដឹកនាំក្នុងរដ្ឋបាលសាធារណៈ» ជូនដល់សិក្ខាកាមជាន់ខ្ពស់ ជំនាន់ទី២ និងសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១២ ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល។

បន្ទាប់ពីលោកស្រី ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ បានអានពីប្រវត្តិរូបសង្ខេបរបស់លោក ព្រុំ សុខា ដែលជាឧទ្ទេសាចារ្យក្នុងការផ្តល់បាឋកថាស្តីពី «ភាពជាអ្នកដឹកនាំក្នុងរដ្ឋបាលសាធារណៈ» រួចមកតាមរយៈមតិស្វាគមន៍របស់លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានថ្លែងថា បាឋកថានានៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ មានកម្មសិក្សាការី សិក្ខាកាម ដែលជាសិក្ខាកាមនៅក្នុងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ចំនួន១៦០នាក់ ដែលមានវត្តមាននៅទីនេះ និងតាមរយៈប្រព័ន្ធអនឡាញ រួមជាមួយសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ ចំនួន៩៥នាក់។

ក្នុងនាមសាលាភូមិន្ទរដ្ឋបាល លោករដ្ឋលេខាធិការប្រចាំការ បានចាត់ទុកវត្តមាន និងការចូលរួមចំណែករបស់ លោក ព្រុំ សុខា ដែលបានអញ្ជើញចូលរួមក្នុងការផ្តល់បាឋកថានាពេលនេះ ជាសកម្មភាពយ៉ាងថ្លៃថ្លា ក្នុងការជួយជំរុញ និងពង្រឹងដំណើរការបណ្ដុះបណ្ដាល ក្នុងក្របខណ្ឌរបស់សាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោក ព្រុំ សុខា បានគូសបញ្ជាក់ថា បាឋកថាស្តីពី «ភាពជាអ្នកដឹកនាំក្នុងរដ្ឋបាលសាធារណៈ» ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក ដែលមានការចូលរួមគាំទ្រផងដែរពីសហគមន៍អឺរ៉ុប និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការ។ មាតិកានៅក្នុងបាឋកថាស្តីពី «ភាពជាអ្នកដឹកនាំក្នុងរដ្ឋបាលសាធារណៈ» របស់លោករដ្ឋមន្ត្រី ដែលត្រូវលើកយកមកចែករំលែកជូនដល់សិក្ខាកាម នៅសាលាភូមិន្ទរដ្ឋបាល នាពេលនេះ រួមមាន ទី១៖ ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ទី២៖ សេវាសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈ ទី៣៖ តួនាទីរបស់រដ្ឋាភិបាលក្នុងយុគ្គសម័យថ្មី និងទី៤៖ សេចក្តីសន្និដ្ឋាន។

ការចែករំលែកចំណេះដឹង និងបទពិសោធន៍ ជូនដល់សិក្ខាកាមនាថ្ងៃនោះ លោកបានលើកយកទ្រឹស្តី ផ្សារភ្ជាប់និងការអនុវត្តន៍ជាក់ស្តែង ព្រមទាំងចំណេះដឹង និងបទពិសោធន៍ការងាររបស់ឯឧផ្ទាល់ ក្នុងរយៈពេល៤៣ឆ្នាំ នៅក្នុងការងាររដ្ឋបាលសាធារណៈ។ នៅក្នុងឱកាសនេះដែរ លោក ព្រុំ សុខា បានបញ្ជាក់បន្តទៀតថា ភាពជាអ្នកដឹកនាំ ដែលត្រូវបានយល់ឃើញជាទូទៅថា គឺជាសមត្ថភាពរបស់បុគ្គល ក្រុមនៃបុគ្គលដែលមានឥទ្ធិពល អ្នកដែលដើរតាម ឬសមាជិកដទៃនៃអង្គភាព ហើយដែលសមត្ថភាពរបស់បុគ្គល ឬក្រុមបុគ្គលនោះ ដឹកនាំអ្នកទាំងនោះដើម្បីសម្រេចគោលបំណងរួម បានដើរតួនាទីយ៉ាងសំខាន់ និងជាគន្លឺះក្នុងការធ្វើឲ្យសម្រេចបាននូវសមិទ្ធិផលថ្មីៗរបស់ស្ថាប័ន។

នៅក្នុងឱកាសនេះដែរ លោក ព្រុំ សុខា មានសង្ឃឹមយ៉ាងមុតមាំថា បាឋកថានេះដែរ នឹងផ្តល់ជាចំណេះដឹង និងបទពិសោធន៍ សម្រាប់សិក្ខាកាមទាំងអស់ ដើម្បីជាមូលដ្ឋាននៃការគិតគូរថ្មីៗ ក្នុងក្របខណ្ឌនៃការដឹកនាំ និងគ្រប់គ្រងអង្គភាព ក៏ដូចជាការផ្តល់សេវាសាធារណៈ ឲ្យកាន់តែប្រសើរថែមទៀត៕