(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា សម្តេចនឹងបន្តកាន់អំណាចយ៉ាងច្រើនណាស់១០ឆ្នាំទៀត ទោះបីជាគ្រូទាយបានទស្សទាយថា សម្តេចនឹងមានអាយុដល់១០១ឆ្នាំក៏ដោយ។

ការរលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម នៅព្រឹកកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២នេះ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា៖ «គ្រូទាយគេថាខ្ញុំអាយុដល់១០១ឆ្នាំ ប៉ុន្តែប្រាកដហើយ ខ្ញុំមិនកាន់អំណាចរហូតដល់១០១ឆ្នាំនោះទេ យ៉ាងច្រើនណាស់១០ឆ្នាំទៀតប៉ុណ្ណឹង»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមានលទ្ធភាពខ្ពស់ក្នុងការរស់នៅ៣០ឆ្នាំទៀត ដោយសម្តេចបញ្ជាក់អំពីសែស្រឡាយរបស់សម្តេច ដែលជាអ្នកមានអាយុវែងកន្លងមក។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់បានប្រកាសថា សម្តេចនឹងបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅឆ្នាំ២០២៣ ខាងមុខនេះ។

នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ គណបក្សកាន់អំណាចនេះ បានជ្រើសតាំង សម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោត និងបានបោះឆ្នោតគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់ថ្ងៃអនាគត៕