(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រមទាំងក្រុមការងារ បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលអប់រំអង្គការកុមារមេគង្គ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិបន្ទាយឆ្មារលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

ក្នុងឱកាសនោះឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានពាំនាំការសាកសួរពីថ្នាក់ដឹកនាំជាតិពិសេសសម្តេចតេជោ ហ៊ុន សែន ដែលនាំសុខសន្តិភាព និងធ្វើឱ្យមានវឌ្ឍនភាពនៃវិស័យអប់រំរួមចំណែកកសាង បាននូវធនធានមនុស្សប្រកបដោយស្មារតីទទួលខុសត្រូវតាមតួនាទី និងភារកិច្ចរៀងៗខួន។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងកោតសរសើរលោក គីយ៉ូម ដាប៊ូវិល លោក ម៉ាតាំងឆាល មាំងឌីយោ លោក ហ្វីលីព ឡាប៊ូរ៉េ និងលោកស្រី គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិក អង្គការកុមារមេគង្គ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរួមគ្នាខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតសិទ្ធបង្កើត មជ្ឈមណ្ឌលអប់រំទាំង៦កន្លែងនៅក្នុងខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ ឧត្តរមានជ័យ ព្រះវិហារ និងបាត់ដំបង ដើម្បីជួយគាំទ្រដល់កុមារ សិស្ស និងនិស្សិតក្រីក្រ ដែលគ្មានលទ្ធភាពនៅក្នុងការសិក្សា ដើម្បីឲ្យពួកគាត់បានបន្តការសិក្សាទៅតាមបំណងប្រាថ្នារបស់ពួកគេ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងកោតសរសើរ ដល់មហាគ្រួសារអ្នកបន្ទាយមានជ័យដែលបានចូលរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន ការពារបានរាល់សមិទ្ធិផលសង្គមជាតិ ថែរក្សាសន្តិភាព សណ្តាប់ធ្នាប់ សាធារណៈ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យមានកំណើនប្រកបដោយចីរភាព កាត់បន្ថយបាននូវភាពក្រីក្រ អភិវឌ្ឍន៍បាននូវធនធានមនុស្ស លើកកម្ពស់សុខុមាលភាព។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់អ្នកពាក់ព័ន្ធសូមបន្តពង្រីកបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈសម្រាប់សិស្ស ឬយុវជនដែលពុំមានឱកាសចូលរៀនមហាវិទ្យាល័យ បន្តបង្កើនគុណភាព និងប្រសិទ្ធភាព នៃសេវាអប់រំនៅគ្រប់កម្រិតសិក្សា និងការបណ្តុះបណ្តាលបច្ចេកទេស និងមុខជំនាញទាំងរដ្ឋ និងឯកជន ពង្រឹងសមត្ថភាពគ្រប់គ្រង ការសិក្សា ភាសាបរទេស រៀបចំបណ្ណាល័យ មន្ទីរពិសោធន៍ ព័ត៌មានវិទ្យា បច្ចេកវិទ្យាស្រប តាម សម័យកាលឌីជីថល ពង្រឹងកាយសម្បទា ចាកឲ្យឆ្ងាយពីអំពើអបាយមុខនានា និងការសេពគ្រឿងស្រវឹង គ្រឿងញៀន ដែលបំផ្លាញ ដល់សុខភាព និងអនាគតផ្ទាល់ខ្លួន និងបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ ឱ្យបានកាន់តែល្អប្រសើរផ្សាភ្ជាប់ជាមួយ ប្រជាជន នៅគ្រប់កាលៈទេសៈ បន្តរអភិវឌ្ឍវិស័យឧស្សាហកម្ម ទេសចរណ៍ កសិកម្មដាំដុះ ចិញ្ចិមសត្វ ជំរុញការចាក់វ៉ាក់សាំង និងអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ទាំងអស់គ្នា។

ជាទ្រនាប់ដៃ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី បាននាំយកអំណោយចែកជូនរួមមាន៖

*ទី១៖ នគរបាល កងរាជអាវុធហត្ថ ប្រតិបត្តិការសឹករង ក្រុមគ្រូពេទ្យ ក្នុងមួយក្រុមៗថវិកា៥០ម៉ឺនរៀល
*ទី២៖ យុវជន សសយក កាកបាទក្រហម កាយរិទ្ធិ ក្រុមការងារអភិវឌ្ឍយុវជន និងយុវជនមូស្លីម សរុប១១៦នាក់ ក្នុង១នាក់ទទួលបានថវិកា១ម៉ឺនរៀល
*ទី៣៖ សិស្សានុសិស្ស ១៦៦នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ៥ក្បាល ប៊ិក៥ដើម និងថវិកា ៥ពាន់រៀល
*ទី៤៖ យាយជី តាជី ៨០នាក់ ក្នុងម្នាក់ទទួលបានសារុង១ និងអង្ករ២៥ គីឡូក្រាម និងថវិកា ១ម៉ឺនរៀល
*ទី៥៖ ប្រជាពលរដ្ឋចូលរួមក្នុងម្នាក់ៗទទួលបានសារុង១ផងដែរ៕