(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាបានត្រៀមថវិកាប្រមាណ ១២០ពាន់លានរៀល ស្មើនឹងប្រមាណ ៣០លានដុល្លារ សម្រាប់រៀបចំការប្រកួតកីឡាស៉ីហ្គេម (SEA Game) លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ នៅឆ្នាំ២០២៣។

សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងបែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៉ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ឆ្នាំក្រោយនេះ យើងបានបង្កកថវិកាប្រមាណ ៤ឆ្នាំហើយ ប៉ុន្មានថ្ងៃមុន ខ្ញុំចាប់ផ្តើមបង្កកបន្ថែមប្រមាណ ៤០ពាន់លានរៀល អញ្ចឹង ៤ឆ្នាំ តម្រូវការយើង ១២០ពាន់លានរៀល វាត្រូវជា ៣០លានដុល្លារអាមេរិក។ ដើម្បីការប្រកួតឆ្នាំក្រោយនេះ ត្រូវចាយលុយ ៣០លានដុល្លារ បម្រើឲ្យការប្រកួត»

សម្តេចបានរំលឹកថា សម្តេចធ្លាប់ស្នើសុំឲ្យមានការអនុគ្រោះ ដែលកម្ពុជាមិនអាចរៀបចំស៉ីហ្គេមបាន ដោយសារតែខ្វះខាតថវិកា។ ប៉ុន្តែឥឡូវនេះ ដោយសារមិត្តចិនបានផ្តល់ជំនួយ កសាងពហុកីឡដ្ឋានជាតិមរតកតេជោ និងថវិកាសន្សំផងនោះ ធ្វើឲ្យកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះបាន សម្រាប់ស៉ីហ្គេម ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា បើកុំមានសង្គ្រាមវិញ កីឡាកម្ពុជាអាចដើរលឿនជាងនេះឆ្ងាយណាស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះបរមរតនកោដ្ឋ បានយកទឹកព្រះទ័យទុកដាក់ខ្លាំងណាស់ លើការអប់រំ និងកីឡាផងដែរ ជាក់ស្តែង ព្រះបរមរតនកោដ្ឋ បានបន្សល់ទុកពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ការប្រកួតកីឡាជាច្រើន និងបង្សល់ទុក ទីតាំងកីឡាជាច្រើន នៅតាមខេត្តនានាផងដែរ។

ពាក់ព័ន្ធការប្រកួតស៉ីហ្គេមនៅវៀតណាម សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់កីឡាករ កីឡាការិនី យកចិត្តទុកដាក់ប្រឹងប្រែងប្រកួត តែត្រូវចៀសវាងការបំពានច្បាប់ និងលក្ខខណ្ឌប្រកួត ក៏ដូចជាការប្រើប្រាស់សារធាតុប៉ូវកម្លាំង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកកីឡាករ កីឡាការិនី ពេលចេញប្រកួត គឺតំណាងឱ្យជាតិទាំងមូល។ សេចក្តីថ្លៃថ្នូររបស់ជាតិ គឺសំខាន់ណាស់ ដូច្នេះមិនត្រូវធ្វើអ្វី ដែលនាំដល់ការអាប់ឱនកិត្តិយសជាតិនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ទោះបីដាក់គោលដៅយកមេដាយឱ្យបានច្រើនក៏ដោយ តែមិនបំពានច្បាប់ បំពានវិន័យ និងការប្រើប្រាស់ថ្នាំប៉ូវ ដែលនាំឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ជាតិនោះឡើយ»