(ភ្នំពេញ)៖ លោកតាលោកយាយប្ដីប្រពន្ធ១គូ អតីតជាសន្តិសុខផ្សារអូឬស្សី រស់នៅក្នុងជីវភាពខ្វះខាត និងមានជំងឺចាស់ជរា ហើយមើលថែទាំដោយចៅ ជាយុវជនសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទទួលការពិនិត្យព្យាបាលជំងឺប្រចាំកាយយ៉ាងយកចិត្តទុកដាក់ និងដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ។

សកម្មភាពមនុស្សធម៌ ក្នុងការពិនិត្យព្យាបាលជំងឺប្រចាំកាយដល់លោកតាលោកយាយចាស់ជរា រស់នៅក្នុងជីវភាពខ្វះខាត ពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញនេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ដោយមានការជួយជ្រោមជ្រែងពីសំណាក់លោក ជា ពិសី អភិបាលខណ្ឌ ក្រោយពីមានការតាមដានស្ថានភាព និងរាយការណ៍ពីមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរភូមិ-សង្កាត់ ហើយនឹងការជួយសម្របសម្រួលផ្តល់ប័ណ្ណអាទិភាពទទួលសេវាសុខភាពសាធារណៈ ដើម្បីពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ ពីលោកស្រី អាន ផល្លា សមាជិកអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍរាជធានីភ្នំពេញ និងអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខណ្ឌ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

ក្នុងសកម្មភាពមនុស្សធម៌នេះ លោកស្រី អាន ផល្លា សូមជូនពរដល់លោកតាលោកយាយឱ្យជៀសផុតពីជម្ងឺកាចសាហាវទាំងឡាយ ពិសេសជំងឺកូវីដ១៩ និងឆាប់ធូរស្រាលពីជម្ងឺឡើងវិញ តាមរយៈការខិតខំថែទាំរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ក្រៅពីសមាជិកអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍរាជធានីភ្នំពេញ និងអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខណ្ឌ ជួយសម្របសម្រួលផ្តល់ប័ណ្ណអាទិភាពទទួលសេវាសុខភាពសាធារណៈ ដើម្បីពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ៕