(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរនៃសាលាបំបូងរាជធានីភ្នំពេញ លោក លិ សុខា បានសម្រេចឃុំខ្លួន លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ បន្ទាប់ពីឃាត់ខ្លួន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ពាក់ព័ន្ធនឹងការបង្កើតគណបក្សបេះដូងជាតិ។

ក្នុងដីកាដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ដូចតទៅ៖

១៖ ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ សៀម ភ្លុក ភេទ ប្រុស កើតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧០ ទៅមណ្ឌលអប់រំកែប្រែទី១(ម១) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ។

២៖ ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (១) ទទួល និងឃុំខ្លួនជននេះ រហូតដល់មាន បទបញ្ជាថ្មីសម្រេចផ្សេងពីនេះ ។

៣៖ ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អនៅពេលដីកានេះ ត្រូវបានបង្ហាញក្នុង ករណីចាំបាច់។

សូមជម្រាបថា ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានចេញប្រកាសមួយ ដោយសម្រេចលុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីគណបក្សនយោបាយ។ ការចេញប្រកាសលុបឈ្មោះគណបក្សបេះដូងជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានបើកសវនការ និងបានប្រកាសសាលដីកា សម្រេចទាត់ចោលបណ្ដឹងរបស់ លោក សៀម ភ្លុក ដែលប្រឆាំងនឹងការបដិសេធក្រសួងមហាផ្ទៃ ចំពោះសំណើបង្កើតគណបក្សបេះដូងជាតិ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ហើយបានបិទផ្លូវតវ៉ា។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កន្លងទៅក្រសួងមហាផ្ទៃ បានរកឃើញអំពីភាពមិនប្រក្រតី ក្នុងការប្រមូលស្នាមេដៃ ដើម្បីស្នើសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ ដោយក្នុងនោះមានដូចជាស្នាមមេដៃរបស់ឈ្មោះបុគ្គលមួយចំនួនខុសពីស្នាមមេដៃនៅក្នុងអត្តសញ្ញាណបណ្ណ, ស្នាមមេដៃរបស់បុគ្គលមួយចំនួន ផ្តិតលើឈ្មោះបុគ្គលដទៃ, ការក្លែងស្នាមមេដៃបុគ្គល, ស្នាមមេដៃរបស់បុគ្គលមួយចំនួន ខូចគុណភាពមិនអាចធ្វើកោសល្យវិច័យបាន និងស្នាមមេដៃមានភាពមិនប្រក្រតីធ្ងន់ធ្ងរជាដើម៕