(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសអនុញ្ញាតឲ្យរោងភាពយន្ត និងកន្លែងប្រកួតបាល់ទាត់ អាចឲ្យអ្នកចូលទស្សនា ១០០ភាគរយ។

ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ម្សិលមិញ លោកជំទាវ ភឿង សកុណា បានធ្វើលិខិតស្នើខ្ញុំ សូមឲ្យរោងភាពយន្ដនីមួយៗ ទទួលមនុស្សពេញ១០០ភាគរយ ឯកភាពធ្វើទៅ ប៉ុន្ដែក្នុងករណីរកឃើញថា ស្ថានភាពមិនល្អ យើងក៏ចល័តភ្លាមៗ [...] ឯកឧត្ដម សៅ សុខា ក៏បានផ្ញើមកខ្ញុំអំពីបាល់ទាត់ ថាសូមឲ្យអ្នកចូលទស្សនា១០០ភាគរយ ឯកភាពធ្វើទៅ»

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើយើងមិនហ៊ានលោតទឹក ធ្វើម្ដេចចេះហែលទឹក បើយើងមិនហ៊ានពាក់ម៉ាស ធ្វើម្ដេចយើងដឹងថា វ៉ាក់សាំងរបស់យើងមានប្រសិទ្ធភាព អាចទប់ស្ដាត់ជំនួសម៉ាកបានឬអត់។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្ដទទួលយកវ៉ាក់សាំងដូសជំរុញ ជាពិសេសដូសទី៣ ដែលសល់ជាង៦លាន៧សែននាក់ទៀត ដែលមិនទាន់ទទួលយកដូសទី៣ ហើយដូសទី៤ ក៏ត្រូវតែបន្ដផងដែរ។

គូសបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសរួមមាន៖

* ដូសទី១ មានចំនួន ១៤,៩០៧,៦៣៨ នាក់
* ដូសទី២ មានចំនួន ១៤,១៦៧,៣៨៣ នាក់
* ដូសទី៣ មានចំនួន ៨,៣៤៦,៥៤៩ នាក់
* ដូសទី៤ មានចំនួន ១,៤៦៨,២៩៥ នាក់។

សម្រាប់អាយុអ្នកដែលបានទទួលវ៉ាក់សាំងទាំង ១៤,៩០៧,៦៣៨នាក់ រួមមាន៖

* ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៨៧,៨២៨នាក់
* ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣២,៦២៤នាក់
* ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៥៣,១៤៨នាក់
* អាយុ៥ឆ្នាំ ៣៨៦,៧៥៤នាក់
* អាយុ៣ឆ្នាំដល់៥ឆ្នាំ ៣៤៧,២៨៤នាក់៕