(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ ប្រកាសថា វិស័យកសិកម្ម នៅតែជាវិស័យអាទិភាពសម្រាប់កម្ពុជា ដើម្បីធានាថា កម្ពុជាមានគ្រប់គ្រាន់នូវអង្ករដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារ និងសម្រាប់ប្រជាពលរដ្ឋទទួលទាន។

សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាត របស់ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ឆ្នាំ២០២១កន្លងទៅនេះ កម្ពុជាមានអធិរាជស្រូវ ក្រោយពីការផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ អធិរាជស្រូវ នេះមានន័យថា ស្រូវតែនៅសល់ពីការផ្គង់ផ្គត់ក្នុងស្រុក។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «វិស័យកសិកម្ម នៅតែជាវិស័យគន្លឹះ ដើម្បីធានាថា ខ្មែរនៅតែមានអង្ករច្រកឆ្នាំង។ ឆ្នាំនេះយើងមានអធិរាជស្រូវ ហើយសង្ឃឹមថា កសិកម្មរបស់យើងនឹងមានផលល្អបន្ដទៀត ដោយសារទឹកភ្លៀងក៏បានផ្ដល់ឲ្យយើងល្អផងដែរ»

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងឆ្នាំ២០២១នេះ វិស័យកសិកម្មបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ ប្រមាណ២៤,៤% (គិតតាមថ្លៃបច្នុប្បន្ន) នៃផលិតផលសរុបក្នុងស្រុក។

ដោយឡែក ផលិតកម្មដំណាំមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ដោយក្នុងឆ្នាំ២០២១នេះ ផ្ទៃដីដាំដុះដំណាំស្រូវសរុបទូទាំងប្រទេស សម្រេចបានចំនួន ៣,៥៥លានហិកតា (+ ៤,៤១% ធៀបឆ្នាំមុន) ខណៈបរិមាណផលស្រូវសរុបទទួលបានចំនួន ១២,២១លានតោន (+ ១១,៦% ធៀបឆ្នាំមុន)។

សម្រាប់ការនាំចេញវិញ ក្នុងត្រីមាសដំបូងឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករបានចំនួនជាង១៧ ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ និងនាំចេញស្រូវចំនួន ១.៣លានតោន ដោយទទួលបានទឹកប្រាក់ចំនួន ៤១៣ដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ។

តាមសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងត្រីមាសទី១ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅកាន់៤៩ប្រទេសនិងតំបន់ស្វយ័ត ដែលមានបរិមាណសរុបចំនួន ១៧០ ៥៣៩តោន ដែលគិតជាទឹកប្រាក់ចំនួន ១០០.៤៧លានដុល្លារសហរដ្ឋអាមេរិក។

សម្រាប់ការនាំចេញស្រូវទៅប្រទេសវៀតណាមវិញ មានចំនួន ១,៣៩០,១៨១តោន ដែលល្នុងទំហំទឹកប្រាក់ ប្រមាណចំនួន៣១៣ដុល្លារសហរដ្ឋអាមេរិក កើនឡើងចំនួន ១៣.៦០%៕