(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន រយៈពេល២ខែមកនេះ បានបង្កការលំបាកដល់សេដ្ឋកិច្ចពិភពលោកមិនចាញ់សង្គ្រាមលោកលើកទី៣នោះទេ ហើយក៏កំពុងតែធ្វើឱ្យច្របូកច្របល់ដល់សណ្តាប់ធ្នាប់ពិភពលោក។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «អាកូវីដ១៩ វាយប្រហារម្ខាងហើយ ឥឡូវសង្រ្គាមរុស្ស៉ី-អ៊ុនក្រែន កំពុងតែវាយប្រហារពិភពលោកទាំងមូលហើយ វាសឹងតែស្មើសង្គ្រាមលោកលើកទី៣ហើយ បើនិយាយអំពីបញ្ហាសេដ្ឋកិច្ច វាស្មើនឹងសង្គ្រាមលោកលើកទី៣ ផលប៉ះពាល់វាធំធេងពេក»

រហូតមកដល់ពេលនេះ សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន មានរយៈពេលជាង២ខែមកហើយ ដោយរុស្ស៉ីបានផ្លាស់ប្តូរយុទ្ធសាស្រ្តពីការវាយលុយរដ្ឋធានីកៀវ ទៅវាយតំបន់ដុនបាស់ (Donbas) ភាគខាងកើតអ៊ុយក្រែនវិញ។ សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន បានបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ច ជាពិសេសការកើនឡើងឡើងតម្លៃប្រេង និងឧស្ម័ន។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ចំណុចនេះហើយដែលយើងរួមចំណែកអំពាវនាវឱ្យមានការសម្រុះសម្រួលបញ្ចប់សង្គ្រាមនៅទីនោះឱ្យបានឆាប់។ យើងគាំទ្រដល់តួនាទីអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលចង់សម្រួលសម្រួលរវាងប្រទេសទាំងពីរ។ មិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមទេ រុស្ស៉ី មិនអាចកម្ទេចអ៊ុយក្រែនបាន ហើយអ៊ុយក្រែនមិនអាចកម្ទេចរុស្ស៉ីបាន ដូច្នេះមានតែមធ្យោបាយសម្របសម្រួល។

សម្តេចកំពុងរង់ចាំមើលទណ្ឌកម្ម ប៉ុន្តែម្សិលមិញ រុស្ស៉ីបានចាប់ផ្តើមបិទការផ្គត់ផ្គង់ឧស្ម័នទៅប៉ូឡូញ និងប៊ុលការី ដោយសារតែមិនទាន់អាចទូទាត់ជាប្រាក់របស់រុស្ស៉ីបាន។ ចំណែកព័ត៌មានមួយថា អឺរ៉ុបនឹងផ្តាច់ការទិញប្រេង និងឧស្ម័នទាំងស្រុងពីរុស្ស៉ី នៅឆ្នាំ២០២៧។ សម្តេចចាត់ទុកថា ករណីនេះមានហានិភ័យខ្ពស់ ប្រសិនបើរុស្ស៉ីផ្តាច់ឧស្ម័ន និងប្រេងពេលនេះ។

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានអនុម័តដោយកុងសង់ស៊ីសចំពោះសេចក្តីសម្រេចមួ ដែលទាមទារឱ្យសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខ ប្រើហេតុផលឱ្យបានត្រឹមត្រូវលើសិទ្ធិវ៉េតូ។ ការអនុម័តនេះធ្វើឡើងបន្ទាប់ពី រុស្ស៉ីក្នុងនាមជាសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍ បានប្រើសិទ្ធិវេតូប្រឆាំងនឹងរាល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាសន្តិសុខជុំវិញ សំណុំរឿងសង្រ្គាមអ៊ុយក្រែន។

សម្តេចនិយាយថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ មានលក្ខណៈចាប់បង្ខំ ចំណែកមហាសន្និបាតអង្គការសហប្រជាជាតិ មិនមានសិទ្ធិ ឬចរិតចាប់បង្ខំនោះទេ។ សម្តេចបញ្ជាក់ថា «ប៉ុន្តែនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ មិនកំណត់ឱ្យសេចក្តីសម្រេចរបស់មហាសន្និបាត មានចរិតចាប់បង្ខំអនុវត្តនោះទេ អារឿងហ្នឹងវាអញ្ចឹងទៀត ច្របូលច្របល់ដល់សណ្តាប់ធ្នាប់ពិភពលោកថែមទៀតផង»

សម្តេចតេជោ ក៏កំពុងតាមដាន ដោយសារតែរឿងនេះជះឥទ្ធិពលមកលើសេដ្ឋកិច្ចពិភពលោក ក៏ដូចជាកម្ពុជា។ ហើយកម្ពុជាមិនមានវិធីណាក្រៅពីខិតខំប្រឹងប្រែងនោះទេ ជាពិសេសវិស័យកសិកម្ម៕