(រតនគិរី)៖ បន្ទាប់ពីបានចុះត្រួតពិនិត្យសមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ គណៈប្រតិភូអន្តរក្រសួងដឹកនាំដោយ ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ទទួលបន្ទុកកិច្ចការព្រំដែន បានបន្តចុះត្រួតពិនិត្យសំណង់បង្គោលខណ្ឌសីមាព្រំដែន និងផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថាបនាដោយកងកម្លាំងវិស្វកម្ម អគ្គបញ្ជាការ នៅភូមិសាស្ត្រទិសឥសាន នៃមាតុភូមិលើទឹកដីស្រុកតាវែង និងស្រុកអណ្តូងមាស ខេត្តរតនគិរី។

ការចុះត្រួតពិនិត្យព្រំសីមានេះ មានការអមដំណើរពី លោកស្រីបណ្ឌិត កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍, នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ, ឧត្តមសេនីយ៍ឯក ហួ៊ត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ និងលោក គិត ទ្រី អភិបាលរងខេត្តរតនគិរី ព្រមទាំងមន្រ្តីជំនាញនៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងនាយទាហានជំនាញជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាយទាហានរង ពលទាហាន កងឯកភាពស្ថាបនាថ្នល់-ស្ពានលេខ៧១៥ កងឯកភាពវត្ថុរាំងលេខ៧២ និងកងឯកភាពស្ថាបនាថ្នល់លេខ៧១៩ ដែលក្នុងរយៈពេលកន្លងមកនេះ បានយកចិត្តទុកដាក់ ពុះពារជម្នះរាល់ឧបសគ្គ ការលំបាកគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែង ធ្វើការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តរតនគីរី រហូតសម្រេចបានលទ្ធផលយ៉ាងច្រើន គួរឱ្យកត់សម្គាល់។

បើតាមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ក៏ណែនាំក្រើនរំឮកដល់មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាយទាហានរង ពលទាហាន កងឯកភាពទាំង៣ ត្រូវយកចិត្តទុកដាក់ធ្វើការស្ថាបនាផ្លូវ និងរាល់សំណង់សិល្បការ្យ ឱ្យបានត្រឹមត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេស សំដៅធានាឱ្យរាល់សំណង់ មានសោភ័ណភាព និងមានគុណភាពរឹងមាំជាប់យូរអង្វែង។

ជាងនេះទៀត នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានណែនាំដល់គ្រប់កងឯកភាពត្រូវបង្កើនល្បឿននៃការស្ថាបនារាល់សំណង់ឱ្យឆាប់សម្រេចរួចរាល់ជាស្ថាពរតាមបទបញ្ជារបស់ថ្នាក់លើ ដើម្បីអនុវត្តឱ្យបានជោគជ័យ នូវគោលដៅនយោបាយ កសាងព្រំដែនដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញគឺ «កសាងព្រំដែនកម្ពុជា ជាប់ជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព» ដោយដើរទន្ទឹមនឹងការអនុវត្ត «គោលការណ៍កសាងខឿនការពារប្រទេស គឺជារបស់ប្រជាជនគ្រប់រូបរួមទាំង «ការងារកសាងបោះបង្គោលខ័ណ្ឌសីមា និងការកសាងផ្លូវជាដៃគូបំពេញឱ្យគ្នាទៅវិញទៅមក»