(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានបង្ហាញនូវមោទនភាព ចំពោះកំណើនយ៉ាងល្អប្រសើរនៃចំណូលពន្ធដារ និងការនាំចេញរបស់កម្ពុជា នៅរយៈពេល៣ខែដើម ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅរយៈពេល៣ខែដំបូងឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រេចជាង៤៤ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២២ ខណៈរយៈពេល៤ខែ អាចសម្រេចបាន ៥០ភាគរយនៃច្បាប់ថវិកា។ សម្រាប់ការនាំចេញរបស់កម្ពុជាវិញ ក៏មានការកើនឡើងគួរឲ្យគត់សម្គាល់ផងដែរ នៅរយៈពេល៣ខែដើម ឆ្នាំ២០២២នេះ។

សម្តេចតេជោបានបញ្ជាក់ថា កំណើនចំណូលពន្ធ និងការនាំចេញនេះ ដោយសារតែកម្ពុជា គ្រប់គ្រងបានយ៉ាងល្អនូវសកម្មភាពសេដ្ឋកិច្ច និងសង្គម លើបញ្ហាកូវីដ១៩។

ការបង្ហាញនូវមោទនភាពនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឆ្នាំនេះយើងមានមោទនភាព ដោយសារប្រាក់ចំណូល៣ខែដើមឆ្នាំនេះ ផ្នែកពន្ធដារ គឺកើនឡើងដល់៤៤ភាគរយនៃផែនការរួចស្រេចទៅហើយ។ ក្នុងខែនេះ តែ៤ខែទេ ផ្នែកពន្ធដារអាចសម្រេចដល់ទៅ ៥០ភាគរយ នៃច្បាប់ហិរញ្ញវត្ថុប្រចាំ ឆ្នាំ២០២២ នឹងអាចទទួលផលបានល្អ។ កំណើននៃការនាំចេញរបស់យើងនៅ៣ខែដើមឆ្នាំ កើន៣៣ភាគរយ មិនមែនជាបញ្ហាតូចតាចទេ ដែលបណ្តាលមកពីយើងគ្រប់គ្រងបានល្អនៃសកម្មភាពសេដ្ឋកិច្ច សង្គម គ្រប់គ្រងកូវីដ១៩ បានល្អវាជះឥទ្ធិពលភ្លាមទៅលើផលិតកម្ម»

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីព្រួយបារម្ភផងដែរ ចំពោះវិបត្តិថ្មីរបស់ពិភពលោក ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាកម្ពុជា គឺសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលទាមទារឲ្យមានការចរចាបញ្ចប់ឲ្យបានឆាប់។

សូមជម្រាបថា នៅត្រីមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធបានចំនួន ៥ ១១៥.៤២ប៊ីលានរៀល ស្មើនឹងប្រមាណជា ១ ២៦៣.០៧ លានដុល្លារ ស្មើនឹង៤៤.៨០% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំ ឆ្នាំ២០២២។

បើតាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញទំនិញសម្រេចបានទឹកប្រាក់ជាង ៥.៧ពាន់លានដុល្លារអាមេរិក៕