(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អូស្ត្រាលីត្រៀមផ្តល់វ៉ាក់សាំង Pfizer សម្រាប់កូនក្មេង ដែលអាចមកដល់ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងបែបនេះ នៅសៀលថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំបានទទួលព័ត៌មានថា ខាងអូស្ត្រាលីនឹងត្រៀមផ្តល់ឲ្យយើងនូវវ៉ាក់សាំង Pfizer សម្រាប់កូនខ្មែរ។ ខ្ញុំឯកភាពតាមលោកស្រី ឱ វណ្ណឌីន (រដ្ឋលេខាធិការក្រសួងសុខាភិបាល) ថាឲ្យមកខែមិថុនា ប៉ុន្តែគេរង់ចាំលិខិត ពីខាងសុខាភិបាល»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនលោភលន់ទេ តែបើគេឱ្យ គឺទទួលទាំងអស់។ សម្រាប់ជំនួយទ្វេភាគី ទោះត្រឹម ១០០ដូស ក៏សម្តេចចេញទទួលដោយផ្ទាល់ដែរ។

បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី នៅមានជំនួយវ៉ាក់សាំងដែលបានសន្យារបស់ចិន ១៥លានដូសទៀត ហើយសម្តេចឲ្យលើកជំនួយនេះ ទៅចុងឆ្នាំ២០២២។ បន្ថែមលើនេះ កម្ពុជាក៏នឹងមានជំនួយវ៉ាក់សាំងពីអាមេរិក តាមរយៈយន្តការកូវ៉ាក់ ៧លានដូសផងដែរ ខណៈដែលប៉ូឡូញនៅស្រពិចស្រពិល ក្នុងការផ្តល់វ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅដំណាក់កាលទី១ គឺកម្ពុជាទទួលបានជំនួយវ៉ាក់សាំងតិចបំផុត មានន័យថា កម្ពុជាបានទិញវ៉ាក់សាំង រហូតដល់ទៅ ២៥លាន៥សែនដូសឯណោះ។ អញ្ចឹងបើគណនាថា ក្នុងប្រជាជនកម្ពុជាម្នាក់ចាក់បាន ២ដូស មានន័យថា កន្លងមកគឺកម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋ ដោយប្រើប្រាស់លុយខ្លួនឯង។

ចំពោះវ៉ាក់សាំងកូវីដ១៩ បើសិនជាការទិញវិញ គឺតម្លៃណាក៏សម្តេចតេជោ ហ៊ុន សែន ហ៊ានចំណាយលុយទិញដែរ ព្រោះវ៉ាក់សាំងជាឧបករណ៍ដ៏សំខាន់ លើសមរភូមិកូវីដ១៩។

សូមជម្រាបថា កន្លងមករដ្ឋាភិបាល និងប្រជាពលរដ្ឋអូស្ត្រាលី បានសម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាជាង ២.៣៥លានដូស ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។

គិតត្រឹមយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសរួមមាន៖

* ដូសទី១ មានចំនួន ១៤,៩០៧,៦៣៨ នាក់
* ដូសទី២ មានចំនួន ១៤,១៦៧,៣៨៣ នាក់
* ដូសទី៣ មានចំនួន ៨,៣៤៦,៥៤៩ នាក់
* ដូសទី៤ មានចំនួន ១,៤៦៨,២៩៥ នាក់។

សម្រាប់អាយុអ្នកដែលបានទទួលវ៉ាក់សាំងទាំង ១៤,៩០៧,៦៣៨នាក់ រួមមាន៖

* ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៨៧,៨២៨នាក់
* ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣២,៦២៤នាក់
* ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៥៣,១៤៨នាក់
* អាយុ៥ឆ្នាំ ៣៨៦,៧៥៤នាក់
* អាយុ៣ឆ្នាំដល់៥ឆ្នាំ ៣៤៧,២៨៤នាក់៕