(ភ្នំពេញ)៖ ដើម្បីឈានឆ្ពោះទៅចូលរួមអបអរសាទរខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២២ ដែលនឹងឈានចូលមកដល់ នាពេលខាងមុខនេះ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ មានសប្បុរសជនជាបន្តបន្ទាប់ អញ្ជើញនាំយកថវិកាសប្បុរសធម៌ មកកាន់ ទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមជាវិភាគទានជួយទ្រទ្រង់សកម្មភាពមនុស្សធម៌របស់ សមាគមជាតិមួយនេះ ឲ្យមាននិរន្តរភាព។

មានប្រសាសន៍ក្នុងជំនួប មុនទទួលថវិកាសប្បុរសធម៌ខាងលើនេះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហិរញ្ញឹកកាកបាទក្រហមកម្ពុជា ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ ចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា បើទោះបីរយៈពេល២ឆ្នាំកន្លងមកនេះ យើងបានប្រឈមនឹងការ រាតត្បាតនៃជំងឺកូវីដ១៩ក្តី តែសប្បុរសជន នៅតែបន្តជួយដល់កាកបាទក្រហមកម្ពុជា ដែលនេះ គឺជាការរួម ចំណែកយ៉ាងសំខាន់ ទ្រទ្រង់និរន្តរភាព នៃប្រតិបត្តិការ មនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា។

លោកស្រីបានជំរាបជូនផងដែរ អំពីការប្រើប្រាស់ថវិការរបស់កាកបាទក្រហមកម្ពុជាក្នុងឆ្នាំកន្លងទៅ គឺក្រៅពីប្រើប្រាស់ លើប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនោះ គឺបានប្រើប្រាស់ទៅលើសកម្មភាពមនុស្សធម៌ នានាដូចជាការជីកអណ្តូងទឹកស្អាត ការសាងសង់ផ្ទះជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅតាមមូលដ្ឋាននានា ជាពិសេសក្នុងឆ្នាំនេះ កាកបាទក្រហមកម្ពុជា ក៏បានប្រើប្រាស់ថវិកា ដែលទទួលបានពីសប្បុរសជនមួយចំនួន ដើម្បីជួយសាងសង់ផ្ទះជូនគ្រួសារ អតីតយុទ្ធជនក្រីក្រ និងមានពិការភាពចំនួន៦២៨ខ្នង នៅស្រុកភ្នំ ក្រវ៉ាញខេត្តពោធិសាត់ផងដែរ។

លោកស្រីបានបញ្ជាក់ថា «អ្វីៗដែលយើងរួមគ្នាសម្រេចបានក្នុងរយៈពេល កន្លងមកនេះ ដោយសារតែប្រទេសជាតិយើងទាំងមូលមានសន្តិភាព។ សន្តិភាពគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមានគុណតម្លៃធំធេងណាស់សំរាប់ជាតិយើងទាំងមូល»។

លោកស្រីកិត្តិបណ្ឌិត បានបញ្ជាក់ទៀតថា នេះគឺជាឆ្នាំទី៣ហើយ ដែលយើងអាក់ខានក្នុងការប្រារព្ធ មិទ្ទីងអបអរសាទរ ទិវាពិភពលោក កាកបាទក្រហម/អឌ្ឍចន្ទក្រហម ៨ឧសភា ប៉ុន្តែទោះជាយ៉ាងណា កាកបាទក្រហមកម្ពុជា សូមទទួលស្វាគមន៍ជានិច្ច ចំពោះសប្បុរសជន គ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តសប្បុរស ធម៌ចូលរួមជាថវិកា ជូនកាកបាទក្រហមកម្ពុជា តាមរយៈការអញ្ជើញមកផ្ទាល់ ដល់ទីស្នាក់ការកណ្តាល ឬ ចាត់តំណាងនាំមកប្រគល់ជូន ឬផ្តល់ជូនតាមប្រព័ន្ធអេឡិចត្រូនិកក្តី គឺសុទ្ធតែ ដើម្បីរួមចំណែកធ្វើឲ្យស្ថាប័ន មនុស្សធម៌មួយនេះ មានលទ្ធភាពបំពេញបេសកកម្ម ជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដែលត្រូវការចាំបាច់ការជួយសង្គ្រោះពីកាកបាទក្រហមកម្ពុជា។

កាកបាទក្រហមកម្ពុជាតែងចាត់ទុក ៨ឧសភាជាទិវាមហាសប្បុរសមួយ ដែលជួយកៀងគររកមូលនិធិសប្បុរសធម៌ បានច្រើន សំរាប់ទ្រទ្រង់ ប្រតិបត្តិការនិង បេសកកម្មមនុស្សធម៌របស់ខ្លួនហើយក៍ជាឱកាសមួយសំរាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានបានបង្ហាញពីបេះដូងមនុស្សធម៌និងវប្បធម៌នៃការចែករំលែករៀងៗខ្លួនតាមសទ្ធាជ្រះថ្លានិងការស្ម័គ្រចិត្ត។

សូមបញ្ជាក់ថាថវិកាសប្បុរសធម៌ដែលកាកបាទក្រហមកម្ពុជាទទួលពីសប្បុរសជនក្នុងថ្ងៃនេះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថ ប្រាសាក់ថវិកា៤០០លានរៀល, ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាថវិកា ១ម៉ឺនដុល្លារអាមេរិក, ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ធនាគារABA) ថវិកា២០ម៉ឺនដុល្លារអាមេរិក, ថ្នាក់ដឹកនាំបុគ្គលិកទូរទស្សន៍ BTV News និងវិទ្យុបាយ័ន ថវិកា២៨៣៥ដុល្លារអាមេរិក, លោក យី ដន និងលោកស្រី ទេព ចន្ទ័សុគន្ធា ថវិកា២លានរៀល។

ជាការកត់សំគាល់គិតមកដល់ពេលនេះ បើរាប់បញ្ជូលទាំងព្រះរាជូបត្ថមនៃអង្គព្រះករុណាព្រះមហាក្សត្រ និងហ្លួងម៉ែជាអម្ចាស់ ព្រមទាំងឥស្សរជន ថ្នាក់ដឹកនាំរដ្ឋ និងសប្បុសជនជាលក្ខណៈបុគ្គលផ្ទាល់ខ្លួន និងលក្ខណៈក្រុមហ៊ុនក្តី គឺកាកបាទក្រហមកម្ពុជាទទួលបានថវិកាគិតជាដុល្លារសរុបប្រមាណជាង ១៤លានដុល្លារអាមេរិកហើយ សំរាប់ទិវា៨ឧសភា២០២២នេះ។

កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ដែលបានបរិច្ចាគថវិកា ជូនកាកបាទក្រហមកម្ពុជាហើយសង្ឃឹមថា មានសប្បុរសជនជាបន្តបន្ទាប់ទៀត ពិតជានឹងចូលរួមបរិច្ចាគធនធានប្រកបដោយឆន្ទៈមោះមុត និងជ្រះថ្លាជួយកាកបាទក្រហមកម្ពុជា តាមការស្ម័គ្រចិត្ត ដើម្បីឲ្យស្ថាប័ន មនុស្សធម៌មួយនេះ កាន់តែទទួលបានជោគជ័យថែមមួយកំរិតទៀត ក្នុងបេសកកម្មមនុស្សធម៌ ជួយសង្គ្រោះ ជនរងគ្រោះ និងជនងាយរងគ្រោះបំផុតនៅកម្ពុជា៕