(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធការពារអ្នកប្រើប្រាស់នៅកម្ពុជា បានណែនាំទៅដល់សមាជិក សមាជិការបស់ខ្លួនថា គ្រប់ផលិតផលទាំងអស់ ត្រូវតែចុះបញ្ជីឲ្យបានត្រឹមត្រូវ ព្រោះមានសារសំខាន់ណាស់ ថែមទាំងផ្តល់នូវទំនុកចិត្តខ្ពស់ទៅដល់អតិថិជនអ្នកប្រើប្រាស់ផងដែរ។

នេះជាការលើកឡើងជុំវិញការប្រកាសចុះបញ្ជីផលិតផលធំៗចំនួន៤មុខនៃក្រុមហ៊ុនពេញវង់ក្នុងកម្មវិធីប្រកាសការចុះឈ្មោះផលិតផលក្នុងបញ្ជីរបស់សមាគមសហព័ន្ធការពារ អ្នកប្រើប្រាស់នៅកម្ពុជា នៅសាលអគារ The Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

លោកបណ្ឌិត ឡី សុភា បានលើកឡើងថា «ថ្ងៃនេះជាថ្ងៃទំព័រប្រវត្តិសាស្ត្រនៅកម្ពុជាដែលយើងចាប់ផ្តើម ចុះបញ្ជីផលិតផលជាផ្លូវការ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសច្បាប់កិច្ចការពារអ្នកប្រើប្រាស់ គឺយើងចាប់ផ្តើមចុះបញ្ជីជាលើកដំបូងនៅថ្ងៃនេះ ដើម្បីជូនទៅដល់សារព័ត៌មានជាតិ និងអន្តរជាតិដឹងថា កម្ពុជានឹងចាប់ផ្តើមតម្រង់ទិស ទាក់ទងទៅនឹងផលិតផលនៅកម្ពុជា។ បើគ្មានយន្តការនៃកិច្ចការពារនេះទេ តើប្រជាពលរដ្ឋ នៅពេលដែលប្រើប្រាស់ផលិតផលណាមួយនោះ អាចដឹងច្បាស់ទេថាផលិតផលណាមួយពិតប្រាកដ ផលិតផលណាមួយក្លែងក្លាយ»

ក្នុងនោះលោកក៏បានលើកឡើងនូវកិច្ចការងារចម្បងរបស់សមាគម ដែលបានខិតខំនិងបន្តអនុវត្តរហូតមកនោះគឺសមាគមធ្វើការជាតំណាងឲ្យប្រជាពលរដ្ឋ សមាគមគាំទ្រដល់រាជរដ្ឋាភិបាល និងមួយទៀតឈរលើការការពារនៅលើម្ចាស់ទំនិញ ដែលនាំឲ្យសមាគមក្លាយជាសមាគមឯករាជ្យមួយ ដែលបានយកច្បាប់ជាតិ និងច្បាប់អន្តរជាតិជាគោល ហើយមានការសហការជាមួយឡាបូជាតិ និងអន្តរជាតិ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងដើម្បីឲ្យមាននិរន្តរភាព។

ប្រធានសមាគមសហព័ន្ធការពារអ្នកប្រើប្រាស់នៅកម្ពុជា បានធ្វើការគូសបញ្ជាក់ថា ការប្រារព្ធពិធី អបអរសាទរការចុះឈ្មោះផលិតផលក្នុងបញ្ជីរបស់សមាគមសហព័ន្ធការពារ អ្នកប្រើប្រាស់នៅកម្ពុជា នាឱកាសនេះបានឆ្លុះបញ្ជាំង និងជាសក្ខីភាពបញ្ជាក់នូវភាពស្របច្បាប់ពេញលេញនូវរាល់ផលិតផលទាំងឡាយ ដែលបានចុះបញ្ជីរួចរាល់ និងប្រៀបបានជាឯកសារផ្លូវច្បាប់សម្រាប់ផ្តល់នូវទំនុកចិត្តខ្ពស់ទៅដល់អតិថិជនអ្នកប្រើប្រាស់ ព្រមទាំងមានសារសំខាន់ និងជាមោទនភាពទៅដល់ភ្នាក់ងារចែកចាយនីមួយៗ ដែលបញ្ជាក់ថាទំនិញទាំងនេះបានចុះបញ្ជីធ្វើការប្រើប្រាស់។

លោកថែមទាំងបានបញ្ជាក់ថា កាលណាដែលទំនិញមួយត្រូវបានចុះក្នុងបញ្ជីរួចរាល់ហើយ ទំនិញនោះនឹងអាចក្លាយជាតំណាងនៃរបស់ផលិតផលផ្សេងៗ ឬអាចនិយាយបានម្យ៉ាងទៀតថាទូតសុច្ឆន្ទៈមួយ។

លោកថា «សមាជិក សមាជិកាទាំងអស់សុទ្ធតែអាចធ្វើជាតំណាងនៃផលិតផលដែលបានចុះបញ្ជី សម្រាប់ធ្វើការដោះដូរពាណិជ្ជនៃការរកស៊ីបាន ទាំងនេះ ជាទំនិញដែលត្រូវការយកទៅប្រើប្រាស់ ក្នុងការចែកចាយជាផ្លូវការ ដែលសមាគមសហព័ន្ធ ការពារអ្នកប្រើប្រាស់នៅកម្ពុជាបានចុះបញ្ជីសម្រាប់ជាការការពារ និងបញ្ជាក់អំពីទំនិញស្របច្បាប់»