(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា «វិធានការ៣កុំនិង៣ការពារ» ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកន្លងទៅ នៅតែជាវិធានការចាំបាច់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទោះបីជារាជរដ្ឋាភិបាល បានដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់ក៏ដោយ។

ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចបានសង្កេតឃើញប្រជាពលរដ្ឋនៅតាមដងវិថីសាធារណៈមួយចំនួនបានបន្តពាក់ម៉ាស់ ដើម្បីការពារខ្លួន ទោះបីជារាជរដ្ឋាភិបាលលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈទូទាំងប្រទេសក៏ដោយ ដែលសម្តេចបានចាត់ទុកថា ចំណុចនេះជាការយល់ដឹងខ្ពស់របស់ប្រជាពលរដ្ឋក្នុងការការពារខ្លួន។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ប្រសិនបើមានអ្វីកើតឡើង យើងអាចត្រឡប់ទៅរកកាតព្វកិច្ចពាក់ម៉ាសឡើងវិញ អញ្ចឹងបានជា "៣កុំ៣ការពា" នៅតែចាំបាច់សម្រាប់យើង ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃកូវីដ១៩»

«៣កុំ និង៣ការពារ» ជាវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ «៣កុំ» មានន័យថា៖ ទី១៖ កុំចាប់ដៃគ្នាដោយងាកមកប្រើវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ។ ទី២៖ កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និងទី៣៖ កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។ ចំណែក «៣ការពារ» គឺ ៖ ទី១៖ ពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ។ ទី២៖ ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឲ្យបានញឹកញាប់ ជាពិសេសមុនពេល បរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ និងទី៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះជាដើម។

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈនានានៅទូទាំងប្រទេស ប៉ុន្តែតម្រូវឱ្យពលរដ្ឋបន្តពាក់ម៉ាស់នៅកន្លែងដែលការបិទជិតមានម៉ាស៊ីនត្រជាក់ជាដើម។ ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈនេះ ធ្វើឡើងដើម្បីចូលរួមចំណែកកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការទិញម៉ាស់។

ការដកចេញនូវវិធានការនេះ ក៏បានធ្វើឡើងបន្ទាប់ពីអត្រាឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសស្ថិតនៅក្នុងកម្រិតទាបក្រោម១០នាក់ បន្ទាប់ពីឆ្លងកាត់បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលមនុស្សជាច្រើនដើរកម្សាន្ត ដោយមិនរក្សាគម្លាត និងពាក់ម៉ាស់។

សម្តេចបានចាត់ទុកថា ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការការពារខ្លួនពីជំងឺកូវីដ១៩ គឺជាចំណុចដែលកម្ពុជាបានយកឈ្នះសមរភូមិកូវីដ១៩។ ប៉ុន្តែសម្តេចអះអាងថា «យើងបានយកឈ្នះសមរភូមិតូចៗប៉ុណ្ណោះឯង ដូច្នេះវិធានការដែលយើងត្រូវគ្រប់គ្រងកូវីដបន្ត គឺជារឿងចាំបាច់ខ្លាំងណាស់»។

សម្តេចលើកឡើងថា កម្ពុជាមិនទាន់មានសមត្ថភាពបញ្ចប់សង្គ្រាមជាមួយកូវីដ១៩ នៅឡើយទេ ដោយសារនៅលើពិភពលោក មិនទាន់មានប្រទេសណាមួយដែលគ្មានការឆ្លងនៅឡើយទេ ដែលលទ្ធភាពនៃការបន្តចម្លងកូវីដ១៩ នៅក្នុងប្រទេសយើងក៏អាចនៅមានប ន្តដែរ។

សម្តេចបន្តថា «ការយកឈ្នះលើមេរោគទម្រង់អាល់ហ្វា ដែលតា និងអូមីក្រុង មិនអាចចាត់ទុកថាឈ្នះសមរភូមិទេ ក៏ប៉ុន្តែនៅមានទម្រង់ដទៃទៀត ដែលលេចឡើងថ្មីៗ ដែលយើងមិនដឹងថា កើតមានឬអត់ ដែលចំណុចនេះ យើងកំពុងតាមដាន»