(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២។

ក្នុងឱកាសអញ្ជើញបិទសន្និបាត សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គសន្និបាត ដែលទទួលបានសមិទ្ធផលគួរជាទីមោទនៈលើការងារអប់រំ ការអភិវឌ្ឍយុវជន ការអប់រំកាយ និងកីឡាជាមួយនឹងកម្មវិធីកែទម្រង់អប់រំស៊ីជម្រៅ ៨ ចំណុច ស្របតាមបរិការណ៍ថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតី-ភាពជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងបច្ចុប្បន្ម និងអនាគត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមសហការនិងផ្តល់ការឧបត្ថម្ភ គាំទ្រទាំងសម្ភារៈ ថវិកា និងបច្ចេកទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជានិច្ចកាលរាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពទី១ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកស្ទួយ និងអភិវឌ្ឍវិស័យអប់រំកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តពង្រឹងប្រព័ន្ធអប់រំឱ្យមានភាពធន់ បុរេសកម្មឆ្លើយតបទៅនឹងបរិការណ៍ជាតិ-អន្តរជាតិ ដែលកំពុងមានការប្រែប្រួល។ បន្តធានានូវសេវាអប់រំដែលមានគុណភាព ប្រកបដោយសមធម៌និង បរិយាប័ន្ន ព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា និងដោះស្រាយការខាតបង់ការរៀនសូត្ររបស់សិស្សានុសិស្ស និងយុវជន ដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តអភិវឌ្ឍការអប់រំឌីជីថលសម្រាប់ការបណ្តុះបណ្តាល ធនធានមនុស្ស ក្នុងបរិការណ៍បរិវត្តកម្មសង្គម និងសេដ្ឋកិច្ចឌីជីថល តាមរយៈការធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថល ទៅក្នុងគ្រប់កម្រិតកម្មវិធីសិក្សា បំពាក់បន្ទប់ពិសោធន៍ឌីជីថលនៅតាមគ្រឹះស្ថានសិក្សា លើកកម្ពស់សមត្ថភាពគ្រូបង្រៀនផ្នែកឌីជីថល ផលិត វីដេអូបង្រៀន និងមាតិកាឌីជីថលលើមុខវិជ្ជាគោលសម្រាប់ថ្នាក់ប្រឡង ព្រមទាំងផ្សព្វផ្សាយការងារទាំងនេះឱ្យកាន់តែទូលំទូលាយ។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តអនុវត្តឱ្យកាន់តែសកម្មលើការងារកាយរឹទ្ធ និង យុវជន ដោយប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម តាមរយៈការបំផុសចលនា «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ» កម្មវិធីយុវជនស្ម័គ្រចិត្តចុះជួយមូលដ្ឋាននៅតាមសហគមន៍ជាមួយនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់យុវជន ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងឱកាសការងារនៅក្នុងសង្គម ។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តត្រៀមលក្ខណៈឱ្យបានពេញលេញ ដើម្បីធ្វើជាម្ចាស់ផ្ទះប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ ២០២៣ ដោយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍសមាគមកីឡាមហាជន សហព័ន្ធ-កីឡា បំប៉ន និងហ្វឹកហាក់កីឡាករជម្រើសជាតិ និងកីឡាករថ្នាលឱ្យបានដិតដល់ ជំរុញសកម្មភាពអប់រំកាយនិងកីឡានៅតាមគ្រឹះស្ថានសិក្សាឱ្យបានផុសផុល។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំបន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា ដោយបន្តអនុវត្តអភិក្រម «៣កុំ និង ៣ការពារ» ហើយចូលរួមទប់ស្កាត់ការឆ្លងចូលគ្រឹះស្ថានសិក្សា រួមទាំងបង្កើនការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា ការរក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាព ចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ។ បន្តយកចិត្តទុកដាក់គាំទ្រសុខភាពផ្លូវចិត្ត និងផ្លូវកាយសិស្សានុសិស្ស ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ ឬ ប្រយោល ដោយសារជំងឺ កូវីដ-១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយមានសុទិដ្ឋិនិយមចំពោះសមិទ្ធផលអង្គសន្និបាត និង អនុសាសន៍សំខាន់ៗ ដែលខ្ញុំបានលើកឡើងនឹងក្លាយជាមូលដ្ឋាន និងជាធាតុចូលប្រកបដោយតម្លាភាព និងប្រសិទ្ធភាពសម្រាប់អនុវត្ត ក្មុងវិស័យអប់រំកម្ពុជានៅឆ្នាំសិក្សាថ្មី និងឆ្នាំសិក្សាបន្តបន្ទាប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «៣កុំ និង៣ការពារ» នៅតែជាអាទិភាពសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីកាតព្វកិច្ចពាក់ម៉ាស ត្រូវបានលើកលែង តែសម្តេចនៅតែលើកទឹកចិត្តឱ្យមានការពាក់ម៉ាស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះប្រជាពលរដ្ឋ បើទោះបីសម្តេចលើកលែងកាតព្វកិច្ចពាក់ម៉ាស តែសម្តេចសង្កេតឃើញពលរដ្ឋធ្វើដំណើរតាមដងផ្លូវនៅតែបន្តពាក់ម៉ាស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនៅតែបន្តមានការរាតត្បាតជំងឺកូវីដ១៩ ដូច្នេះកម្ពុជានៅតែមានលទ្ធភាពនៃការឆ្លងជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើក្នុងករណីផ្ទុះឡើងវិញនៃជំងឺកូវីដ១៩ នោះកាតព្វកិច្ចពាក់ម៉ាសនឹងអនុវត្តន៍ឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ បានយល់ដឹងច្រើនពីវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយបន្តការពាក់ម៉ាស។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកក្រសួងអប់រំ ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលមិនត្រឹមប្រឹងប្រែងការពារខ្លួនឯងពីជំងឺកូវីដ១៩ប៉ុណ្ណោះទេ តែបានជួយអប់រំដល់សិស្សឱ្យចូលរួមអនុវត្តន៍វិធានការទប់ស្កាត់ជំងឺកូវីដ១៩ និងការចូលរួមចាក់វ៉ាក់សាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលសម្តេចឃើញប្រជាពលរដ្ឋជួបជុំគ្នាលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំ សម្តេចបានចោទសួរខ្លួនឯងថា តើការសម្រេចរបស់សម្តេចឱ្យមានបុណ្យចូលឆ្នាំជាការសម្រេចចិត្តត្រូវ ឬខុស?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមានសំណួរយ៉ាងនោះក្តី តែសម្តេចមានការជឿជាក់ទៅលើការចាក់វ៉ាក់សាំង ដែលបង្កើតភាពសាំក្នុងសហគមន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសម្រេចអនុញ្ញាតឱ្យភ្ញៀវអញ្ជើញជួបសម្តេច ដោយមិនបាច់ពាក់ម៉ាសទៀតនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសុខចិត្តឱ្យគេស្តីបន្ទោសរឿងយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ដោយសម្តេចបានសម្រេចជ្រើសការចាក់ប្រមូលផ្តុំឱ្យចប់មួយកន្លែងៗ ដើម្បីបង្កើតភាពសាំសហគមន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចចិត្ត និងបញ្ជាលើការងារចាក់វ៉ាក់សាំងមិនងាយស្រួល និងមិនធម្មតានោះឡើយ។ សម្តេចតេជោ បានថ្លែងថា បើពេលនោះសម្តេចធ្វើតាមការទាមទារពីតាមបណ្តាខេត្ត គឺមិនអាចបង្កើតភាពសាំសហគមន៍បាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរបានគោរពតាមផែនការរបស់រាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំង ហើយការចាក់មិនមាននិន្នាការនយោបាយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាក់វ៉ាក់សាំងដោយមិនមានការរើសអើង គឺជាភាពជោគជ័យយុទ្ធសាស្ត្រចាក់វ៉ាក់សាំង និងបង្កើតបានភាពសាំសហគមន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពប្រសើររបស់កម្ពុជានាពេលនេះ គ្រាន់តែជាការឈ្នះសមរភូមិជំងឺកូវីដ១៩ តែមិនទាន់ឈ្នះសង្គ្រាមកូវីដ១៩នៅឡើយទេ។

* សម្តេចតេជោ ហ៊ុន សែន បានសម្រេចជ្រើសយកថ្ងៃទី៣ ខែឧសភា ជួបសិស្សនិទ្ទេស A ដែលមានជាង ១ពាន់នាក់។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យលោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់តាមដានឱ្យជាប់លើស្ថានភាពជំងឺកូវីដ១៩ នៅតាមគ្រឹះស្ថានសិក្សា។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនជ្រើសយកវិធានការដូចពេលមិនទាន់មានការចាក់វ៉ាក់សាំងនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរពីការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ប្រជាពលរដ្ឋ ទោះបីពួកគេស្ថិតនៅគណបក្សនយោបាយណាក៏ដោយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ថ្ងៃនេះឆ្នាំមុន (ខែមេសា ឆ្នាំ២០២១) ជាពេលវេលាសម្តេចណែនាំឱ្យមានការរៀបចំមឈូដាក់សព និងកន្លែងបូជាសពអ្នកកើតជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានហៅការយកឈ្នះលើសមរភូមិជំងឺកូវីដ១៩ គឺជាការរួបរួមគ្នាមួយដ៏ប្រសើរនៅក្នុងសង្គមខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរវិស័យឯកជននៅកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងធំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលប្រមាថកម្ពុជាលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គួរមានការកែតម្រូវ។

* សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យរោងភាពយន្ត និងកន្លែងប្រកួតបាល់ទាត់ អាចឱ្យអ្នកចូលទស្សនា ១០០ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អូស្ត្រាលី ត្រៀមផ្តល់វ៉ាក់សាំង Pfizer សម្រាប់កូនក្មេង ដែលអាចមកដល់កំលុងខែមិថុនា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនលោភលន់ទេ តែបើគេឱ្យ គឺទទួលទាំងអស់។ សម្រាប់ជំនួយទ្វេភាគី ត្រឹម ១០០ដូស ក៏សម្តេចចេញទទួលដោយផ្ទាល់ដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាមោទនភាពសម្រាប់កម្ពុជា ដែលរយៈពេល ៣ខែដើមឆ្នាំនេះ ពន្ធដារសម្រេចបាន ៤៤ភាគរយនៃផែនការ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការនាំចេញរបស់កម្ពុជា ៣ខែដើមឆ្នាំ កើនប្រមាណ ៣៣ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពល្អប្រសើរនៃសេដ្ឋកិច្ចរបស់កម្ពុជា គឺបានមកពីការគ្រប់គ្រងជំងឺកូវីដ១៩ បានល្អប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវការគាំទ្រនូវបំណងសម្របសម្រួលនៃជម្លោះរុស្ស៉ី និងអ៊ុយក្រែន។ សម្តេចតេជោ បានបញ្ជាក់ជាថ្មីថា មិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែង កំពុងបង្កផលលំបាកសម្រាប់ការផ្គត់ផ្គង់នៅលើពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានចរិតចាំបង្ខំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន បានធ្វើឱ្យខូចសណ្តាប់ធ្នាប់របស់ពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកសិកម្មនៅតែជាវិស័យអាទិភាពនៅកម្ពុជា ដើម្បីធានាខ្មែរមិនអត់អង្ករច្រកឆ្នាំង។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ១៦៖២២នាទីនាថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕