(ភ្នំពេញ)៖ នៅសណ្ឋាគាសូហ្វីថែលភ្នំពេញថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ក្រោមអធិបតីភាព លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំធ្វើវិសោធនកម្មច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដោយមានការចូលរួមតំណាង ក្រសួងស្ថាប័ននានារបស់រដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រធានអង្គភាពថវិកា និងមន្ត្រីជំនាញពាក់ព័ន្ធ របស់ក្រសួងស្ថាប័ន ដែលទទួលបន្ទុកការងារហិរញ្ញវត្ថុនិងថវិកា តាមប្រព័ន្ធអនឡាញ (Zoom) សរុបប្រមាណ ៦៥០រូប ។

លោក វង្សី វិស្សុត បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈថ្មីនេះ មានលក្ខណៈជាក្របខណ្ឌគតិយុត្តគោលសម្រាប់គ្រប់គ្រង ការអនុវត្តថវិកា ព័ត៌មានសមិទ្ធកម្ម ដែលជាធាតុផ្សំដ៏សំខាន់នៃ គណនេយ្យសមិទ្ធកម្ម ក៏ដូចជាការងារផ្សេងទៀត ពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈក្នុងយុគសម័យទំនើប។

នៅក្នុងកិច្ចដំណើរការ នៃការកសាងសេចក្តីព្រាងច្បាប់នេះ, មានការសិក្សាគ្រប់ជ្រុងជ្រោយដោយដកស្រង់នូវមេរៀន បទពិសោធន៍ និងឧត្តមានុវត្តជាអន្តរជាតិ ពីប្រទេសជាច្រើន ដូចជា បារាំង ថៃ ម៉ាឡស៊ីជាដើម ហើយច្របាច់បញ្ចូលទៅ នឹងប្រព័ន្ធនិងបទពិសោធន៍ នៃការអនុវត្តជាក់ស្តែងរបស់កម្ពុជា ដើម្បីធ្វើឱ្យសេចក្តីព្រាងនេះមានលក្ខណៈរស់រវើកអាចឆ្លើយតប ទៅបរិការណ៍ របស់កម្ពុជាផង និងពិភពលោកផង។ ក៏ប៉ុន្តែ ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់ គោលដ៏មានសារៈសំខាន់នេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា មានភាពបត់បែន និងងាយស្រួល ក្នុងការអនុវត្ត ស្របតាមបរិការណ៍កម្ពុជាសម្រាប់រយៈពេលវែងទៅមុខ, ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខា សាលាពិគ្រោះយោបល់នេះឡើង ដើម្បីប្រមូលធាតុចូល និងមតិយោបល់បន្ថែម ពីគ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាតួអង្គ នៅក្នុងអនុវត្តថវិកា ក្នុងគោលដៅកសាង នូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈមួយ ដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព និងចីរភាពក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុសាធារណៈដើម្បីទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម។

លោកបានបន្តថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់គាំទ្រដល់ការស្តារ និងការកសាងភាពធន់របស់កម្ពុជាសម្រាប់រយៈពេលវែងទៅមុខ។ កិច្ចការនេះកាន់តែមានទំងន់ និងកាន់តែមាន ភាពបន្ទាន់ថែមទៀត ពិសេសក្នុងបរិការណ៍បច្ចុប្បន្ន ដែលពិភពលោកទាំងមូលក៏ដូចជាកម្ពុជា បាននិងកំពុងស្ថិតក្នុងបរិការណ៍ក្រោយនៃវិបត្តិជំងឺកូវីដ១៩។ ក្នុងន័យនេះ កម្ពុជាចាំបាច់ត្រូវ តែមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈមួយ ដែលមានប្រសិទ្ធភាព និងចីរភាព ដើម្បីអាចទ្រទ្រង់ដល់កិច្ចដំណើរការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងអាចកសាងបាននូវភាពធន់នៃប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈទាំងមូលនៅក្នុងរយៈពេលវែង។

លោកក៏បានលើកឡើងផងដែរថា សេចក្តីព្រាងច្បាប់នេះ នឹងកំណត់អំពីគោលការណ៍ជាមូលដ្ឋាន សម្រាប់គ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងការរៀបចំច្បាប់ហិរញ្ញវត្ថុ ជាពិសេស ជំហាននីមួយៗ នៃដំណើរការរៀបចំ អនុម័ត អនុវត្ត និងការត្រួតពិនិត្យលទ្ធផលថវិកា ព្រមទាំងការកំណត់មុខងារ និងការទទួលខុសត្រូវ របស់តួអង្គពាក់ព័ន្ធ ដើម្បីសម្រេចបាននូវភាពជឿទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅ នឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម សំដៅធានាប្រសិទ្ធភាពនិងចីរភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម។

លោក វង្សី វិស្សុត បានគូសរំលេចទស្សនាទាន និងគោលការណ៍សំខាន់ៗមួយចំនួន ដែលត្រូវបានដាក់ចូលក្នុងសេចក្តីព្រាងច្បាប់ថ្មីនេះ ដែលដូចជា៖ (១).កំណត់គោលការណ៍គ្រឹះថវិកា ទាំង១០ឡើងវិញ (២).បញ្ចូលនូវ មូលនិធិបម្រុងហិរញ្ញវត្ថុ ដែលជាប្រាក់សន្សំរបស់រដ្ឋ ដើម្បីត្រៀមឆ្លើយតបទៅនឹងវិបត្តិផ្សេងៗ ជាយថាហេតុ ដូចជាជំងឺឆ្លងរាលដាលជាសកល ដែលពុំធ្លាប់មានពីមុនមក ក្នុងរយៈពេលកន្លងទៅនេះ (៣).ច្របាច់បញ្ចូល នូវប្រព័ន្ធនៃការរៀបចំ ថវិកាពីរចូលគ្នា គឺថវិកាផ្អែកលើឆ្នាំចាស់ (Incremental budgeting) និង ថវិកាមូលដ្ឋានពីសូន្យ (Zero based budgeting) ដើម្បីជាមូលដ្ឋាននៃការកំណត់កញ្ចប់ថវិកា (៤).ផ្ទេរសិទ្ធិអំណាចជាដុំកំភួនឱ្យទៅក្រសួង ស្ថាប័ន ពិសេសអង្គភាពថវិកា និងកាត់បន្ថយអំណាច ត្រួតពិនិត្យរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែពង្រឹងការទទួលខុសត្រូវ និងគណនេយ្យភាព របស់ក្រសួងស្ថាប័ន ដោយតម្រូវឱ្យក្រសួងស្ថាប័ន និងអង្គភាពសាធារណៈ ប្រហាក់ប្រហែល ឆ្លើយបំភ្លឺអំពីគម្រោងចំណូល និងចំណាយ ព្រមទាំងរបាយការណ៍ សមិទ្ធកម្មរបស់ខ្លួន ក្នុងអំឡុងពេល នៃការពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំនៅរដ្ឋសភានិងព្រឹទ្ធសភា (៥).កែសម្រួលការត្រួតពិនិត្យចំណាយតាមនីតិវិធីខ្លី សាមញ្ញ និងអាចបត់បែនបាន សម្រាប់ក្រសួងស្ថាប័ន ដែលអនុវត្តបានល្អ ប្រកបដោយប្រសិទ្ធភាព មាន វិន័យ និងសន្សំសំចៃ និងការរឹតបន្តឹងការ ត្រួតពិនិត្យចំណាយ សម្រាប់ក្រសួង ស្ថាប័ន ដែលនៅមានភាពខ្វះចន្លោះ ឬទន់ខ្សោយផ្នែកអភិបាលកិច្ច (៦).ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងនៅក្នុងការរៀបចំ ថវិកា, ការអនុវត្តថវិកា និងតាមដានវាយតម្លៃ (៧).ធ្វើសុខដុមនីយកម្ម និងកំណត់មុខងារ ប្រព័ន្ធត្រួតពិនិត្យ, ការធ្វើសវនកម្មផ្ទៃក្នុង និងអធិការកិច្ចហិរញ្ញវត្ថុ និង (៨).កំណត់គុណវុឌ្ឍ សម្រាប់មន្រ្តីជំនាញ ទទួលបន្ទុកការងារ ពាក់ព័ន្ធនឹងការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ តាមប្រភេទមុខតំណែងការងារនីមួយៗ ជាដើម៕