(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី២៧ ខែមេសារ ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំស្ដីពី ការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបានជំរុញដល់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលការពារនៅតាមការិយាល័យបោះឆ្នោតនីមួយៗ ត្រូវគោរពឱ្យបានម៉ឺងម៉ាត់តាមគោលការណ៍ច្បាប់ស្ដីពី ការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។

នាឱកាសនោះដែរ លោកអភិបាលខេត្ត បានបន្តថា ចំពោះការធ្វើសកម្មភាពអន្ត្រាគមន៍ផ្សេងៗ ចាំបាច់ត្រូវមានការសំណូមពរ ឬការសម្របសម្រួលពីប្រធានគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់ថ្នាក់ ឬប្រធានការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ជាមួយកិច្ចការពារត្រូវយកចិត្តទុកដាក់ សុវត្ថិភាពដាច់ខាតសម្រាប់ការដឹកជញ្ជូនសន្លឹកឆ្នោត ដែលបានបោះឆ្នោតរួច ព្រមទាំងកំណត់ហេតុរាប់សន្លឹកឆ្នោតទៅតាមទីកន្លែងដែលបានកំណត់។

លោក វ៉ា ថន បានបញ្ជាក់បន្ថែមអំពីគោលការណ៍ និងវិធានការមួយចំនួនថែមទៀតរួមមាន៖ គណៈបញ្ញាឯកភាពរដ្ឋបាលខេត្ត គឺជាក្បាលម៉ាស៊ីនដឹកនាំដ៏សំខាន់នៅថ្នាក់ក្រោមជាតិ ដោយត្រូវលើកកម្ពស់តួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការដឹកនាំសម្របសម្រួលកម្លាំង ក្រោមយន្តការ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតខេត្ត ដើម្បីធានាឱ្យមានកម្លាំងគ្រប់គ្រាន់សម្រាប់ផ្តល់សេវាសន្តិសុខ សុវត្ថិភាពគ្រប់ដំណាក់កាលនៃការបោះឆ្នោត កម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវមានអព្យាក្រឹតភាព និងគោរពឱ្យបានត្រឹមត្រូវនូវច្បាប់ស្តីពី ការបោះឆ្នោត បទបញ្ជនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ភ្នាក់ងារសន្តិសុខបោះឆ្នោត ប្រកបដោយតម្លាភាព និងគ្មានការរើសអើង ត្រូវចាត់វិធានការបង្ការ និងទប់ស្កាត់សម្រាប់គ្រប់មធ្យោបាយ និងគ្រប់រូបភាពស្របតាមច្បាប់ ព្រមទាំងធ្វើការបង្ក្រាបឱ្យបានទាន់ពេលវេលា ចំពោះបទល្មើសដែលកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា គណៈបញ្ជាកាឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវសហការ និងសម្របសម្រួលជាប់ជាប្រចាំជាមួយនឹងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់ថ្នាក់ អង្គការសង្គមស៊ីវិលពាក់ព័ន្ធ និងការបោះឆ្នោតក្នុងគោលដៅជួបពិភាក្សា និងស្វែងរកដំណោះស្រាយសមស្រប រួមទាំងការចាត់វិធានការបង្ការ ទប់ស្កាត់ និងកាត់បន្ថយរាល់បញ្ហាទំនាស់ ឬបាតុភាពនានា ក្នុងគ្រប់ដំណាក់កាលនៃការរៀបចំការបោះឆ្នោត ដំណាក់កាលនៃការឃោសនាបោះឆ្នោត ទោះបីច្បាប់ថ្មីបានកាត់បន្ថយរយៈពេលក៏ពិតមែន ក៏ប៉ុន្តែនៅតែជាដំណាក់កាលតស៊ូខាងនយោបាយយ៉ាងតានតឹង និងក្ដៅគគុករបស់គ្រប់គណបក្សនយោបាយទាំងអស់ ហើយជាដំណាក់កាលងាយនឹងកើតឡើងនូវទំនាស់ ឬបទល្មើសផ្សេងៗ សំដៅរាំងស្ទះ ឬបន្ទុចបង្អាក់ការងារអាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវមានវិធីធ្វើប្រតិកម្មរហ័សនៅនឹងកន្លែងដែលកើតមានហេតុការណ៍ ឬឧប្បទ្ទវហេតុផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យការប្រកួតប្រជែងបានដំណើរការទៅដោយតម្លាភាពត្រឹមត្រូវ និងយុត្តិធម៌។

លោកអភិបាលខេត្ត បានបន្ថែមថា គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់ និងកងកម្លាំងការពារសន្តិសុខទាំងអស់ ត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ទទួលខុសត្រូវចំពោះភារកិច្ចការពារដោយត្រូវសហការឱ្យបានល្អជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រធានការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដើម្បីម្ចាស់ការគ្រប់គ្រងឱ្យបាននូវសភាពការណ៍ តាមការិយាល័យបោះឆ្នោតនីមួយៗ៕