(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុវត្តបានល្អបំផុតនូវគោលនយោបាយ សុខដុមនីយកម្មសាសនាបានល្អបំផុតដែលនេះពិតជាសាកសម ជាប្រទេសជ្រកក្រោមម្លប់សុខសន្តិភាព យ៉ាងពេញលេញជាទីបំផុត នៃអ្នកគោរពប្រតិបត្តិសាសនាទាំងអស់។

ការលើកឡើងបែបនេះ របស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញដឹកនាំសហការីចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់មជ្ឈមណ្ឌលសម្លេងនៃសេចក្តីសង្ឃឹម ស្ថិតនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានបន្តថា «កម្ពុជាបានអនុវត្តនូវគោលនយោបាយសុខដុមនីយកម្មសាសនាបានល្អបំផុត ខណៈដែលមិនថាសាសនាព្រះពុទ្ធ សាសនាអុីស្លាម សាសនាគ្រិស្តនោះទេ ពួកគេរស់នៅក្នុងប្រទេសកម្ពុជា គឺពោរពេញទៅដោយសេចក្ដីសុខ ពោរពេញទៅដោយសុខសន្តិភាព និងមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិតាមគន្លងធម៌ សាសនារបស់ខ្លួននីមួយៗដោយពុំមានការរើសអើង គ្មានការមើលស្រាល និងមានការប៉ះទង្គិចគ្នាឡើយ»

ទាំងនេះបានមកអាស្រ័យ និងលេចចេញជារូបរាងយ៉ាងល្អប្រសើរឡើង ក៏ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរនិងយកចិត្តទុកដាក់ដល់ប្រទេសជាតិ ប្រជាពលរដ្ឋ ពិសេសផងដែរក៏គិតគូរអំពីសាសនា ដែលគ្រប់សាសនាទាំងអស់សុទ្ធសឹងតែដឹកនាំមនុស្សលោកឱ្យប្រព្រឹត្តតែអំពើល្អ សាងកុសលផលបុណ្យ ជួយទុក្ខធុរៈគ្នា ជួយយកអាសារគ្នា គ្មានឡើយសាសនាដែលបង្គាប់ឱ្យធ្វើភេរវកម្ម សម្លាប់មនុស្ស គ្មានទេ គឺមានតែអប់រំមនុស្សឱ្យធ្វើល្អតែប៉ុណ្ណោះ។

លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា «វាពិតជាល្អប្រសើរណាស់សម្រាប់ប្រទេសកម្ពុជា ដែលមានសុខដមនីយកម្មសាសនាល្អប្រសើរ ប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ដែលគេកំពុងតែមានការរើសអើងទៅលើបុគ្គល កាន់សាសនាផ្សេងៗ ដែលនាំបង្កើតអរិយភាពនៅក្នុងប្រទេស មានការបែងចែកដែលនាំឱ្យបាត់បង់នូវភាពថ្លៃថ្នូរ និងការបង្កើតឱ្យមានបញ្ហានៅក្នុងប្រទេស ខណៈដែលកម្ពុជា គឺមានប្រមុខរាជរដ្ឋាភិបាលមគ្គុទេសក៍ឯក រដ្ឋបុរសកម្ពុជា បេះដូងដ៏ធំទូលាយ និងមហាសាល ចិត្តល្អបំផុត ដែលដឹកនាំនាវាកម្ពុជាយើងនេះ ពីបាតដៃទទេ ផេះផង់ ឱ្យមកស្គាល់ការរីកចម្រើន ស្គាល់សុខដមនីយកម្ម និងស្គាល់តែក្ដីស្រលាញ់និងមានភាពរីករាយនៅក្នុងសង្គម»

គួរជម្រាបថា អំណោយមនុស្សធម៌ដែលបានប្រគល់ជូនមជ្ឈមណ្ឌល នាឱកាសនេះ រួមមាន៖ អង្ករ ២,០០០គីឡូក្រាម, មី ២០កេស, ត្រីខកំប៉ុង ៤កេស, ទឹកសុទ្ធចំណុះ ២០លីត្រ ចំនួន២០ដប, អាល់កុល ៣០លីត្រ, សាប៊ូដុំ ០១កេស, ជែលលាងដៃ ០៤កេស, ម៉ាស ០១កេស, ថវិកាជូនមជ្ឈមណ្ឌលសម្លេងនៃសេចក្តីសង្ឃឹម ចំនួន ៤លានរៀល, ថវិកាជូនចាស់ជរា ចំនួន០៩ នាក់ ក្នុងមួយនាក់ ទទួលបាន ៤ម៉ឺនរៀល, ថវិកាជូនបុគ្គលិកបម្រើការងារនៅមជ្ឃមណ្ឌល ចំនួន ១៦នាក់ ក្នុងមួយនាក់ទទួលបាន ៥ម៉ឺនរៀល និងថវិកាជូនកុមារ ចំនួន ៥៧នាក់ ក្នុងមួយនាក់ ទទួលបាន២ម៉ឺនរៀល៕