(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈក្រសួង និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនី ដែលមានទីតាំងឋិតនៅជាន់ទី៣ នៃផ្សារទំនើប ហូរី ថាម សឃ្វែរ ម៉ល (FURI Times Square Mall) មានអាសយដ្ឋានស្ថិតនៅខាងត្បូងវិមានឯករាជ្យ ផ្លូវលេខ១០០ (វីថីឯករាជ្យ) ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោក ណុប ហេង តំណាងអភិបាលខេត្តព្រះសីហនុ, លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រុមប្រឹក្សាខេត្ត ដៃគូអភិវឌ្ឍ អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី គ្រឹះស្ថានហិរញ្ញវត្ថុ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋផងដែរ។

នៅក្នុងឱកាសនោះដែរ អគ្គនាយកនៃអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក បានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការជំរុញឱ្យមានការ បង្កើតមណ្ឌលផ្តល់សេវាសាធារណៈក្រោមការចង្អុលបង្ហាញពី ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សំដៅចូលរួមបង្ខិតសេវាឱ្យកៀកដល់ដៃប្រជាពលរដ្ឋ មានតម្លាភាព និងឆាប់រហ័ស ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

លោកអគ្គនាយក បានជម្រាបជូនផងដែរថា ទន្ទឹមជាមួយនឹងកម្មវិធីសម្ពោធដាក់ឱ្យដំណើការជាផ្លូវ ការមណ្ឌលផ្តល់សេវាសាធារណៈនាថ្ងៃនេះ ក្រសួងក៏មានកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី២ ក្នុងចំណោមស្ថានីយចំនួនបួន ដែលជាជំនួយរបស់ អង្គការ UNDP ជាផ្នែកមួយរបស់ក្រសួង ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជាផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីសារសំខាន់នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រួលដល់ការផ្តល់សេវាសាធារណៈ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការធ្វើកំណែទម្រង់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ កាន់តែទូលាយ និងកាន់តែជិតស្របតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទាក់ទងនឹងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី, ទេសរដ្ឋមន្ត្រីបានជម្រាបជូនអំពីគម្រោងដំឡើងស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅទីតាំងមួយចំនួនតាមបណ្តារាជធានី-ខេត្ត ដើម្បីជំរុញលើកទឹកចិត្ត និងទាក់ទាញការចាប់អារម្មណ៍ឱ្យមានការប្រើប្រាស់យានយន្តអគ្គសនីពីសំណាក់សាធារណៈទូទៅ និងកិច្ចសហការជាមួយក្រុមហ៊ុននានា ដើម្បីជំរុញការដំឡើងស្ថានីយបញ្ចូលថាមពល អគ្គិសនីឱ្យបានច្រើនថែមទៀត។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រងផ្សារ FURI TIMES SQUARE MALL ដែលបានផ្តល់ទីតាំងសម្រាប់ការផ្តល់សេវាសាធារណៈ ដោយឥតគិតថ្លៃរយៈពេល៥ឆ្នាំ ក្នុងការជំរុញការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក និងការប្រមូលចំណូលពន្ធ និងអង្គការ UNDP ដែលបានផ្តល់ការគំាទ្រក្នុងយុទ្ធនាការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី រួមទាំងស្ថានីយបញ្ចូលថាមពលអគ្គិសនី និងក្រុមហ៊ុន KTS ដែលបានសហការ និងគាំទ្ររាល់គំនិតផ្តួចផ្តើមរបស់ក្រសួង។

ជាមួយគ្នានេះដែរ ទេសរដ្ឋមន្ត្រី ក៏បានថ្លែងអរគុណផងដែរដល់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋាន ព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក្រុមការងារ និងមន្រ្តីជំនាញដែលបានខិតខំប្រឹងប្រែងរៀបចំទាំងហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកទេសតភ្ជាប់ប្រព័ន្ធ និងបានរៀបចំកម្មវិធីដើម្បីបានដាក់ដំណើរការជាស្ថាពរនាថ្ងៃនេះ។

ទេសរដ្ឋមន្ត្រី ស៊ុន ចានថុល បានសំណូមពរទៅប្រជាពលរដ្ឋជាអ្នកបើកបរ ដែលមានបណ្ណបើកបរផុតសុពលភាព មិនទាន់យកមកប្តូរ ឬពន្យារបណ្ណបើកបរ សូមមកប្ដូរ ឬពន្យារបណ្ណបើកបររបស់ខ្លួនឱ្យស្របច្បាប់ដើម្បីជៀសវាងការផាកពិន័យនៅពេលបើកបរនៅតាមផ្លូវ។ ម្យ៉ាងវិញទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតមណ្ឌលផ្ដល់សេវាប្រភេទនេះនៅក្នុងទីស្តីការក្រសួង និងតាមផ្សារទំនើបនានា ដោយបងប្អូនគ្រាន់តែចំណាយពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ សម្រាប់សេវាប្ដូរ ឬពន្យារបណ្ណបើកបរ។

ឆ្លៀតក្នុងឱកាសនោះដែរ ទេសរដ្ឋមន្ត្រី បានកត់សម្គាល់ថា៖ «ដើម្បីយើងអនុវត្តគោលនយោ បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ និងប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់បាន យើងត្រូវធ្វើការងារអាទិភាពចំនួនបួនឱ្យបានគឺទី១៖ ត្រូវបញ្ចុះតម្លៃអគ្គិសនីឱ្យនៅកម្រិតទាប ទី២៖ ត្រូវ មានធនធានមនុស្សល្អ, ទី៣៖ ត្រូវបញ្ចុះតម្លៃភស្តុភាកម្ម និងដឹកជញ្ជូន និងទី៤៖ រៀបចំខេត្តព្រះសីហនុទាំង មូលឱ្យក្លាយជាតំបន់សេដ្ឋកិច្ច ពិសេសដើម្បីទាក់ទាញវិនិយោគឱ្យមកបណ្ដាក់ទុនបង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋយើង»

បន្ថែមពីលើនេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីសារសំខាន់នៃសុខសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានប្រើយុទ្ធសាស្រ្តនយោបាយឈ្នះ-ឈ្នះ អភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យរហូតដល់ប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ និងមានធនធានមនុស្ស និងធ្វើឱ្យប្រទេសកម្ពុជាមានកេរ្តិ៍ឈ្មោះកិតិ្តយសលើឆាកអន្តរជាតិផងដែរ។

សូមជម្រាបថា មណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះជាមណ្ឌលទី៦ បង្កើតឡើងក្នុងគោលបំណង ដើម្បីជួយសម្រួលដល់ការផ្តល់សេវាសាធារណៈ កាត់បន្ថយពេលវេលាទទួលសេវា កាត់បន្ថយចំណាយ ក្រៅផ្លូវការ លុបបំបាត់ នីតិវិធីស្មុគស្មាញ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាម ដានពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង។

មណ្ឌលនេះមានទទឹង៩,៣ម៉ែត្រ និងបណ្តោយ ១១,៨ម៉ែត្រ ទំហំសរុប ១០៩ម៉ែត្រការ៉េ រៀបចំឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក្រុមហ៊ុនកាំត្រង់ស៊ីប និងផ្សារទំនើប FURI Times Square Mall។ មណ្ឌលនេះមានបំពាក់ដោយឧបករណ៍ និងសម្ភារបរិក្ខារចាំបាច់ដូចជា៖ សម្ភារការិយាល័យ កុំព្យូទ័រ ម៉ាស៊ីនថតរូប ម៉ាស៊ីនបោះពុម្ភបណ្ណ ម៉ាស៊ីនហ្វូតូកូពី ប្រព័ន្ធInternet និងសម្ភារផ្សេងៗទៀតសម្រាប់ដំណើរការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ មានកិច្ច សហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ ដើម្បីធ្វើការទូទាត់បានឆាប់រហ័សប្រកបដោយ តម្លាភាព នៅពេលប្រជាពលរដ្ឋមកស្នើសុំសេវានៅក្នុងមណ្ឌល។

ក្រសួងដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈនេះចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នេះតទៅ។ ប្រភេទសេវាសាធារណៈដឹកជញ្ជូនផ្លូវគោក ដែលត្រូវផ្តល់រួមមាន៖ ប្ដូរបណ្ណបើកបរ ដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិយានយន្ត ម៉ោងធ្វើការ៖ ០៧ថ្ងៃ ក្នុង០១សប្ដាហ៍ ពីម៉ោង ០៩ ព្រឹក ដល់ ០៦ល្ងាច សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ ទំនង៖ មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈលេខទូរស័ព្ទHOTLINE ១២៧៥ ទំព័រហ្វេសប៊ុកផ្លូវការ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន៖ www.fb.com/mpwt.gov.kh  អគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវគោកំ៖ www.fb.com/gdlt.mpwt.gov.kh

គួរកត់សម្គាល់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់ សេវាសាធារណៈបានចំនួន៦ទីតាំង រួមមានទី១៖

*ទី១៖ មណ្ឌលប្ដូរ និងពន្យាបណ្ណបើកបរផ្សារទំនើបអ៉ីអន១ (AEON 1) បានបើកដំណើរការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ផ្តល់សេវាប្ដូរនិងពន្យាបណ្ណបើកបរ យានយន្តសម្រាប់ជនជាតិខ្មែរ

*ទី២៖ មណ្ឌលផ្ដល់សេវាបណ្ណបើកបរផ្សារទំនើបអ៉ីអន២ (AEON 2) បានបើកដំណើរការនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ផ្តល់សេវាប្ដូរ និងពន្យាបណ្ឌបើកបរយានយន្តសម្រាប់ ជនជាតិខ្មែរ និងបរទេស

*ទី៣៖ មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល (CHIP MONG NORO MALL) បានបើកដំណើរការនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ផ្តល់សេវាចុះបញ្ជីយានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ បណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស

*ទី៤៖ មណ្ឌល ផ្ដល់សេវាសាធារណៈ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកដំណើរការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ផ្តល់សេវាចុះបញ្ជីយានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ ប្ដូរបណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) អាជីវកម្មដឹកជញ្ជូន អាជីវកម្មដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ ឆ្លងកាត់ព្រំដែន និកំពង់ផែ

*និងទី៥៖ មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើប ហេរីថេក វ៉ក (THE HERITAGE WALK) បានដំណើរការបណ្ដោះអាសន្ននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ផ្តល់សេវាចុះបញ្ជីយានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ ប្ដូរបណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ត្រៀមដំណើរការផ្លូវការនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ រួមទាំងមណ្ឌលផ្តល់សេវាសាធារណៈដែលកំពុងបើកឱ្យដំណើរការនាពេលនេះផងដែរ៕