(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចាប់ផ្តើមទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-រុស្ស៊ី នៅទីក្រុងម៉ូស្គូ និងទីក្រុងសូឈី ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។

នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាការងារជាមួយ លោក ប្រធានាធិបតី វ្លាឌីមៀរ ពូទីន និងជួបចរចាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តី រុស្ស៊ីផងដែរ​។ ទន្ទឹមនឹងនោះមានឯកសារសំខាន់ៗមួយចំនួន នឹងត្រូវចុះហត្ថលេខា ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង រុស្ស៊ី។

គណៈប្រតិភូអមដំណើររួមមាន៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។