(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ បានលើកឡើងថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាន់តែធ្វើឲ្យសមាជិក សមាជិកាទទួលស្គាល់នូវតម្លៃពិតប្រាកដ និងមហិមានៃសន្តិភាព ព្រោះក្នុងសង្គ្រាមគេមិនអាចនិយាយពីសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍអ្វីឡើយ។

ការលើកឡើងរបស់លោក ឡី សុភាព ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ច និងរចនាសម្ព័ន្ធចាត់តាំងចំណុះ ក្រោមអធិបតីភាពលោក សួន រិនឌី អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សរាជធានី និងជាប្រធានគណៈចាត់តាំង គណបក្សរាជធានីភ្នំពេញ ដែលមានសមាជិក សមាជិកា ប្រមាណជាង១ពាន់នាក់ចូលរួមនៅសាលអគារ The Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

លោកបានលើកឡើងថា វិបត្តិជាសកលនៃជំងឺកូវីដ១៩បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើជីវភាព សេដ្ឋកិច្ចសង្គម នៅទូទាំងសកលលោក ក្នុងនោះមានកម្ពុជាផងដែរ ។ ទើបតែចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១មក ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ ហើយសភាពការណ៍ ក៏មានការវិលមករក ភាពធូរស្រាលបន្តិចម្តងៗ។ នោះក៏ដោយសារការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយត្រឹមត្រូវ ក្នុងការស្វែងរកវ៉ាក់សាំង ចាក់ស្រោចវ៉ាក់សាំង តាមយុទ្ធសាស្ត្រផ្ការីក ដែលបង្កើតបានជាភាពសាំ សហគមន៍ទើបធ្វើឲ្យយើងអាចប្រារព្ធពិធី ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលទើបបញ្ចប់កន្លងទៅថ្មីៗនេះ ហើយផ្តល់ឱកាសឲ្យយើង បានជួបជុំគ្នាឡើងវិញ។

លោកបានបញ្ជាក់ទៀតថា «តាមរយៈបណ្តាញសារព័ត៌មាន យើងឃើញហើយថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាន់តែធ្វើឲ្យ សមាជិក សមាជិកា យើងទទួលស្គាល់នូវតម្លៃពិតប្រាកដ និងមហិមានៃសន្តិភាព ព្រោះក្នុងសង្គ្រាមគេមិនអាចនិយាយពីសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍអ្វីឡើយ។ នៅពេលបានជួបការលំបាក គ្មានគណបក្សណាមកជួយ ក្រៅពីគណបក្សប្រជាជនកម្ពុជានោះទេ»

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ឡី សុភាព ក៏បានប្រកាសបន្តគាំទ្រ យ៉ាងពេញទំហឹង ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពរដ្ឋមន្ត្រី និងការជ្រើសតាំង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអណាគត ។

ក្នុងនោះដែរ លោក សួន រិនឌី ក៏បានថ្លែងអំរគុណទៅដល់គណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ ដែលបានរៀបចំកម្មវិធីដ៏អធិអធមនេះឡើងយ៉ាងល្អប្រសើរ។ និងយល់ឃើញថា សមាជិកដ៏ច្រើននៃគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ នឹងនាំមកនូវសំឡេងគាំទ្រ យ៉ាងច្រើនដល់គណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតនាខាងមុខ។ ព្រមទាំងបានដាសស្មារតីសមាជិក សមាជិកាអំពីភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គ្រប់ពេលកន្លងមកនេះ បានកើតឡើងដោយការខិតខំពុះពារជម្នះ និងស្មារតីរួបរួមសាគ្គីភាព ជាពិសេសគឺគោលនយោបាយដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំគណបក្សតែម្តង។

គួរឲ្យដឹងថា គណៈកម្មាធិការគណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានី មានប្រភពដើមជាសាខា គណបក្សយុវជនសេដ្ឋកិច្ចរាជធានី អាស្រ័យដោយមានការវិវឌ្ឍខ្លួន និងពង្រឹងពង្រីកវិសាលភាព ជាបន្តបន្ទាប់ ទើបគណកម្មាធិការ គណបក្សរាជធានីភ្នំពេញ សម្រេចបង្កើតជាអង្គការចាត់តាំង គណបក្សនេះឡើង។ បច្ចុប្បន្ននេះ គណៈកម្មាធិការគណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានី មានសាខាចំនួន៦ អនុសាខាចំនួន៣០ក្រុមបក្សចំនួន៥០ និងមានសមាជិកសរុប ២៤៥៣រូប (ស្រី៧៥៩រូប)៕