(ព្រៃវែង)៖ ចម្ងល់ និងសំណើជាច្រើនរបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចនៅច្រកទ្វារព្រំដែនកោះរកា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ធ្វើការបកស្រាយភ្លាមៗ។

ចម្ងល់របស់ប្រជាពលរដ្ឋដែលត្រូវបានសមត្ថកិច្ច និងប្រធានក្រុមការងារធ្វើការបកស្រាយនោះ រួមមាន៖

ប្រជាពលរដ្ឋមានចម្ងល់ថា ការឆ្លងដែនចូលទៅប្រទេសវៀត មានការលំបាក ហើយមិនមានតម្លាភាព ចំណែកជនជាតិវៀតណាមចូលមកប្រទេសកម្ពុជាវិញងាយស្រួលម្លេះ។ ហាមឃាត់មិនឱ្យនាំយកលាមកគោ (អាចម៌គោ) ចូលទៅលក់នៅប្រទេសវៀតណាម និងចម្ងល់ករណីចាប់ចម្រៀកឈើដើមប្រេងខ្យល់ ដើមច័ន្ទគិរី របស់ប្រជាពលរដ្ឋ។ ក្រៅពីចម្ងល់ទាំងនេះ ក៏នៅមានសំណើជាច្រើនដូចជា ស្នើសុំជួយទប់ស្កាត់ករណីចោរកម្ម ករណីគ្រឿងញឿន ជួយដោះស្រាយទំនាស់ដីធ្លី និងធ្វើផ្លូវជាដើម។

ចម្ងល់ និងសំណើនេះ ប្រជាពលរដ្ឋបានធ្វើឡើងនៅក្នុងវេទិកាសាធារណៈ ពិគ្រោះយោបល់ដោះស្រាយបញ្ហា និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងឃុំ កោះរកា ស្រុកពាមជរ ខេត្តព្រៃវែង នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ពឹម សំណាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំកោះរកា និងឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង។

ក្នុងអង្គវេទិការ លោកឧត្តមសេនីយ៍ត្រី កែវ ជា បានឆ្លើយតបភ្លាមៗថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលលេខ០៩៨ មិនតម្រូវឲ្យមានការធ្វើតេស្តរហ័សនៅមាត់ច្រកទ្វារទៀតទេ រាល់ភ្ញៀវទេសចរ អាជីវករ ប្រជាពលរដ្ឋចេញចូល ត្រូវមាន លិខិតឆ្លងដែន និងលិខិតដែលមានតម្លៃស្មើលិខិតឆ្លងដែន មានប័ណ្ណចាក់វ៉ាក់សាំងគ្រប់ដូស គឺយើងអនុញ្ញាតឲ្យចូលប្រទេសយើងហើយ។

ចំពោះសំនួរទី២៖ ប្រជាពលរដ្ឋបានសួរថា ហេតុអ្វីកម្ពុជាចុះទៅវៀតណាម វៀតណាមទាមទារធ្វើតេស្ត ឬលិខិតបញ្ជាក់តេស្តពីកម្ពុជា? លោកបានឆ្លើយថា ប្រទេសវៀតណាមមិនទាន់បើកទូលំទូលាយដូចប្រទេសកម្ពុជាទេ គេនៅប្រើពាក់ម៉ាស់ជានិច្ច ត្រូវការធ្វើតេស្តរហ័សនៅព្រំដែន អ៊ីចឹង ភារកិច្ចនេះ វាជាកាតព្វកិច្ចរបស់ប្រទេសគេ ប្រទេសមួយច្បាប់មួយ យើងមិនអាចទៅលូកដៃអន្តរាគមន៍មិនសមហេតុផលទៅលើប្រទេសរបស់គេទេ យើងចង់ទៅប្រទេសគេ គេតម្រូវឲ្យមានអី យើងត្រូវមានណឹង តែចំពោះឡើងមកកម្ពុជាវិញ គឺកម្ពុជាមិនមានធ្វើតេស្តទេ ដោយយោងតាមសេចក្ដីជូនដំណឹងរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ហើយបញ្ហាសំណួរមួយទៀត បានសួរថា ប្រជាពលរដ្ឋវៀតណាម ឬភ្ញៀវទេសចរវៀតណាម និងកម្ពុជា ចូលវៀតណាមគ្មានតម្លាភាព? លោកបានឆ្លើយថា ទីនេះមិនមានលក្ខណៈតម្រូវឲ្យប្រជាពលរដ្ឋចេញចូលមានតម្លាភាព ចង់ថា វៀតណាមក២០នាក់ ចង់ឲ្យកម្ពុជាចុះទៅវៀតណាម២០នាក់វិញមិនមែនទេ។ ការចេញចូលជាសិទ្ធិរបស់ប្រជាពលរដ្ឋ ជាសិទ្ធិរបស់ភ្ញៀវទេសចរ ឲ្យតែពួកគាត់ មកក្នុងលក្ខខណ្ឌស្របច្បាប់ត្រឹមត្រូវតាមផ្លូវច្បាប់ គេមកទស្សនកិច្ច គេមកទេសចរ គេមកធ្វើការងារ ប្រកបមុខរបរផ្សេងៗបាន ទៅតាមលិខិតបទដ្ឋាននានាផ្លូវច្បាប់ទាំងអស់ មិនមែនមកដោយលួចលាក់ មកក៏ឆ្លងដែនខុសច្បាប់ទេ រីឯកម្ពុជាចង់ទៅវៀតណាមប៉ុន្មាននាក់ ក៏ខាងវៀតណាម មិនបានហាមឃាត់យើងដែរ ដូច្នេះការចេញចូលឆ្លងដែនទាមទារឲ្យមានតម្លាភាព។

មួយថ្ងៃឲ្យវៀតណាមឡើងមក១០នាក់ ខ្មែរចុះ១០នាក់ ឬវៀតណាមឡើងមក២០នាក់ ខ្មែរចុះទៅវៀតណាមវិញ២០នាក់ ធ្វើមិនបានទេ ចុះបើយើងមិនចាំបាច់ទៅប្រទេសគេ ហើយយើងចាប់បង្ខំឲ្យទៅម៉េចកើត ឧបមាថា ថ្ងៃនេះ វៀតណាមឡើងមក១០០នាក់ នគរបាលអន្តោប្រវេសន៍ម្ដេចចាប់បង្ខំឲ្យប្រជាពលរដ្ឋខ្មែរទៅវៀតណាម១០០នាក់ដែរ ចុះបើពួកគាត់មិនចាំបាច់ទៅទិញអី ឬធ្វើអីផង ហើយធ្វើម្តេចឲ្យមានតុល្យភាព កន្លែងនេះអត់មានគោលការណ៍ច្បាប់ណាកំណត់ឲ្យធ្វើការចេញចូលរបស់ភ្ញៀវរបស់ប្រជាពលរដ្ឋមានតុល្យភាពបានទេ។

ជួនកាលគេមកយើងច្រើន ជួនកាលយើងទៅគេច្រើន ដោយថ្ងៃនឹងពេលវេលាជាក់ស្តែង ហើយចំពោះសំណួរមួយទៀត អំពីយកដើមប្រេងខ្យល់ និងដើមច័ន្ទគិរី ទៅអារធ្វើជាក្ដារ ធ្វើផ្ទះ ធ្វើសសរផ្ទះ សំណួរមួយនេះ ខ្ញុំមិនអាចឆ្លើយតបបានទេ ក្នុងនាមខ្ញុំជានគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិកោះរកានេះ ព្រោះខ្ញុំមកកាន់កាប់នៅទីនេះ ខ្ញុំដែលជួបប្រទះប្រជាពលរដ្ឋយកដើមប្រេងខ្យល់ យកដើមច័ន្ទគិរី ឬក៏ដើមអំពិលទឹកបារាំងនេះចុះទៅវៀតណាម អារធ្វើជាក្ដារ ធ្វើជាសសរ ធ្វើជា តុ ទូ ម្ដងណាឡើយ។ លោកបានសួរទៅប្រជាពលរដ្ឋវិញថា តើសំណួរនេះបងមានចាំបានទេ កើតឡើងនៅថ្ងៃណាខែណាឆ្នាំណា? ព្រោះអីខ្ញុំមកអត់ទាន់ មិនបានជួបប្រទះម្តងណាឡើយ របស់ប្រជាពលរដ្ឋសួរខាងលើនេះ គឺខ្ញុំមិនអាចឆ្លើយតបបាន ព្រោះខ្ញុំមិនដែលជួបប្រទះម្តងណាសោះឡើយ។

មួយវិញទៀត ចំពោះជីលាមកគោ (ជីអាចម៍គោ) យកទៅលក់នៅប្រទេសវៀតណាម យើងក៏មិនបានដឹងរឿងនេះដែរ តែយើងនឹងព្យាយាមសួរភាគីមិត្ត ការអនុញ្ញាតឲ្យ(ជីអាចម៍គោ)ចុះបានអត់? កន្លងមកខ្ញុំក៏មកមិនទាន់ដែរ ជីលាមកគោនោះ មិនដឹងកើតឡើងនៅសម័យកាលណាថ្ងៃខែឆ្នាំណាទេ បច្ចុប្បន្នខ្ញុំមានតែជួយសម្របសម្រួលជូនប្រជាពលរដ្ឋតាមសំណូមពរ របស់ប្រជាពលរដ្ឋទៅភាគីមិត្ត ដើម្បីសម្របសម្រួលឲ្យមានការដោះដូរទំនិញ នៅច្រកទ្វារព្រំដែន មិនឲ្យមានបញ្ហាលំបាក។

ចំណែកចម្ងល់ដែលមានព័ត៌មានថា ការឆ្លងដែនចូលប្រទេសវៀតណាម គឺត្រូវចំណាយប្រាក់២០ម៉ឺនដុង (លុយវៀតណាម) ឱ្យក្រុមគ្រូពេទ្យនោះ លោក ប្រាជ្ញ ច័ន្ទសុភ័ក្តិ ប្រធានពេទ្យចត្តាឡីស័កប្រចាំច្រកទ្វារព្រំដែនអន្តរជាតិកោះរកា បានបកស្រាយថា ពាក់ព័ន្ធនឹងព័ត៌មានថា គ្រូពេទ្យយកលុយ២០ម៉ឺនដុង ពីប្រជាពលរដ្ឋ ដើម្បីបំពេញឯកសារសុខាភិបាលបានឆ្លងចូលប្រទេសវៀតណាមនោះ គឺមិនមានទេ។ ពីព្រោះប្រទេសកម្ពុជាយើង រាជរដ្ឋាភិបាលបានបិទបញ្ចប់ការធ្វើតេស្តហើយ ដូច្នេះប្រទេសយើងមិនមានការធ្វើតេស្តទៀតទេ។ ប៉ុន្តែនៅប្រទេសវៀតណាមគេតម្រូវឱ្យមានតេស្តបញ្ជាក់ត្រឹមត្រូវ និងមានកាតចាក់វ៉ាក់សាំងចាប់ពីពីរដងឡើងទៅទើបអាច ឱ្យប្រជាជនកម្ពុជាឆ្លងដែនចូលប្រទេសរបស់គេ។ ចឹងទេ ប្រជាពលរដ្ឋកម្ពុជាបើចង់ឆ្លងចូលប្រទេសវៀតណាម ចាំបាច់ត្រូវទិញតេស្ត និងធ្វើតេស្តដោយខ្លួនឯង។

ក្រៅពីចម្ងល់របស់ប្រជាពលរដ្ឋត្រូវបានបកស្រាយ ក៏នៅសំណើជាច្រើនត្រូវបានប្រធានក្រុមការងារថ្នាក់ជាតិដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗផងដែរ។ ប្រជាពលរដ្ឋក៏បានទទួលយកការដោះស្រាយ និងសប្បាយចិត្តជាខ្លាំង ចំពោះបញ្ហា និងចម្ងល់ជាច្រើនត្រូវបានដោះស្រាយបញ្ចប់ និងបានពន្យល់បកស្រាយពីភាពជាក់ស្តែង និងពិតប្រាកដដែលពួកគាត់ទទួលយកបាន។

ជាមួយនឹងក្តីសប្បាយចិត្តនេះ ប្រជាពលរដ្ឋក៏បានលើកឡើងពីសកម្មភាពការងាររបស់លោក កែវ ជា ដែលបានខិតខំធ្វើការសម្របសម្រួលជាមួយគាគីវៀតណាម បានឱ្យពួកគាត់បានឆ្លងចូលប្រទេសវៀតណាម ដើម្បីប្រកបមុខរបររស់នៅសព្វថ្ងៃនេះ ជាពិសេសប្រជាពលរដ្ឋបានលើកឡើងពីការមិនយកលុយពីពួកគាត់ក្នុងការឆ្លងចេញចូលប្រទេសវៀតណាម។

ជាមួយគ្នានេះ លោក ពឹម សំណាង ក៏បានកោតសរសើរចំពោះការងារសម្របសម្រួលល្អរបស់លោក កែវ ជា នៅច្រកទ្វារព្រំដែនដែលមិនធ្វើឱ្យលោកឈឺក្បាលនូវព័ត៌មានមិនល្អ ដែលប្រជាពលរដ្ឋលើកឡើងចំពោះសកម្មភាព របស់មន្ត្រីប៉ូលីសច្រកទ្វារកន្លងមកមុនលោក កែវ ជា មកកាន់ជាប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកានេះ៕