(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យពិនិត្យលទ្ធភាពពង្រឹងក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានាឱ្យកាន់តែល្អប្រសើរថែមទៀត រវាងរាជធានីភ្នំពេញ របស់កម្ពុជា និងទីក្រុងហាណូយ របស់វៀតណាម។

ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេចអនុញ្ញាតឱ្យលោក ឌិញ ទៀន ហ្ស៊ង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម និងជាលេខាបក្សកុម្មុយនិស្តវៀតណាម ប្រចាំក្រុងហាណូយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

នៅក្នុងជំនួបនេះ លោក ឌិញ ទៀន ហ្ស៊ង បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលាអនុញ្ញាតឱ្យរូបលោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។ លេខាបក្សកុម្មុយនិស្តវៀតណាម ប្រចាំក្រុងហាណូយរូបនេះ ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំវៀតណាម ជូនសម្តេចតេជោតេជោ ហ៊ុន សែន ផងដែរ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្ន កព័ត៌មានថា ក្នុងជំនួបនេះ លោក ឌិញ ទៀន ហ្ស៊ន បានវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ របស់កម្ពុជា។ លោកក៏បានគោរពរាយការណ៍ពីស្ថានភាពជំងឺកូវីដ១៩ នៅទីក្រុងហាណូយ ក៏ដូចជាស្ថានភាពសេដ្ឋកិច្ច និងទិសដៅអភិវឌ្ឍន៍ក្នុងក្រុងហាណូយផងដែរ។

បើតាមលោក អ៊ាង សុផល្លែត នៅក្នុងជំនួបសម្តែងការគួរសមនេះ លោក ឌិញ ទៀន ហ្ស៊ន ក៏បានបង្ហាញការប្តេជ្ញាចិត្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ ដោយអនុវត្តន៍រាល់សេចក្តីថ្លែងការណ៍ និងកិច្ចព្រមព្រៀងទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមបានដាក់ចេញ។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយចំពោះការរីកចម្រើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម បានកើនឡើងលើសផែនការ ៥ពាន់លានដុល្លារ តែទោះយ៉ាងណាសម្តេចបានជំរុញឱ្យយកចិត្តទុកដាក់បន្ថែមទៀតលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

សម្តេចតេជោ បានណែនាំឱ្យបន្តប្រែក្លាយតំបន់ធ្លាប់ជាសមរភូមិប្រយុទ្ធតាមព្រំដែនកាលពីអតីតកាល ឱ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ពាណិជ្ជកម្មជាដើម។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា រវាងរាជធានីភ្នំពេញ និងក្រុងហាណូយ៕