(ភ្នំពេញ)៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) រួមសហការជាមួយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងស្ថានទូតបារាំងនៅកម្ពុជា នឹងរៀបចំវគ្គសិក្ខាសាលាលើកទី២ស្ដីអំពី លទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសម្រាប់ កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (ទីក្រុងប៉ារីស ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២) នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ នៅសណ្ឋាគារ Raffle Le Royal Hotel ដោយរៀបចំជាទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដែលនឹងមានការផ្សាយផ្ទាល់តាមគេហទំព័រហ្វេសប៊ុក និងយូធូបរបស់ AVI។

សិក្ខាសាលានេះនឹងផ្តោតសំខាន់ទៅលើកិច្ចពិភាក្សាលើប្រធានបទចំនួនពីររួមមាន៖ (១)សន្តិសុខ និង ការការពារ និង(២)ការផ្សារភ្ជាប់ និងឌីជីថល ដែលបានធ្វើឡើងនៅក្នុងវេទិការប្រជុំថ្នាក់រដ្ឋមន្ត្រីសម្រាប់ កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសហការរៀបចំដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប ដែលមានប្រទេសបាំរាំងជាប្រធាន តំណាងជាន់ខ្ពស់គោលនយោបាយសន្តិសុខនិងកិច្ចការបរទេស និង អនុប្រធានគណៈកម្មការអឺរ៉ុប ចូស៊ីប ប៉ូរ៉េល ហ្វូតេលេស (Josep Borrell Fontelles) កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

អ្នកចូលរួមសិក្ខាសាលានេះរួមមានក្រសួងរដ្ឋាភិបាលកម្ពុជា ស្ថានទូតបរទេសនៅទីក្រុងភ្នំពេញ អង្គការ ក្រៅរដ្ឋាភិបាលក្នុងនិងក្រៅប្រទេស ស្ថាប័នសិក្សាស្រាវជ្រាវ គ្រឹះស្ថានសិក្សា អ្នកសង្កេតការណ៍នៅកម្ពុជា ក្រុមបញ្ញាវ័ន្ត អ្នកជំនាញ និងសិស្សានុសិស្សនៅក្នុងប្រទេសនិងតំបន់។

ព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីប្រមូលធាតុចូលអំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបនៅក្នុងតំបន់ ក្រោមយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុបអំពីកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបាន ចូលជាធរមាននៅខែកញ្ញា ឆ្នាំ២០២១។ ព្រឹត្តិការនេះផ្តល់នូវសកម្មភាពជាក់ស្តែងដែលកើតចេញពី យុទ្ធសាស្ត្រដែលបូកបញ្ចូលគ្នារវាងការផ្ដល់យោបល់កម្រិតគោលនយោបាយប្រកបដោយភាពប្រាកដប្រជានៅក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការការពារ ក៏ដូចជាការផ្សារភ្ជាប់ និងឌីជីថលសម្រាប់ បណ្តារដ្ឋនៅតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ទាំងមូល។

សូមបញ្ជាក់ថា វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) គឺជាស្ថាប័នស្រាវជ្រាវឯករាជ្យមួយនៅកម្ពុជាដែលកំពុងខិតខំផ្តល់នូវ ទស្សនវិស័យជាមួយគោលគំនិតប្រកបដោយការច្នៃប្រឌិតទៅលើបញ្ហាដែលកំពុងកើតមាននៅសង្គម អាស៊ាន។ AVI មានគោលបំណងធ្វើការសិក្សាស្រាវជ្រាវទៅលើកម្មវិធីស្រាវជ្រាវ និងគោលនយោបាយ ជាក់ស្តែង បង្កើនការចែករំលែកចំណេះដឹង កសាងភាពជាអ្នកដឹកនាំ និងកសាងសមត្ថភាពប្រកបដោយ ការច្នៃប្រឌិត។ បច្ចុប្បន្ននេះវិទ្យាស្ថានមាន លោកបណ្ឌិត សុក ស៊ីផាន់ណា ជាប្រធានព្រឹទ្ធអភិបាល និងលោកបណ្ឌិត ឈាង វណ្ណារិទ្ធិ ជាប្រធានវិទ្យាស្ថាន៕