(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Lorenzo Galanti ឯកអគ្គរដ្ឋទូតអ៉ីតាលីប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី និងសហការី ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។
លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកឯកអគ្គរដ្ឋទូត និងសហការី ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរាជរដ្ឋាភិបាលនៃសាធារណរដ្ឋអ៊ីតាលី ដែលតែងតែផ្តល់ជំនួយបច្ចេកទេស និងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្ពុជា ជាពិសេសក្នុងបរិការណ៍កូវីដ-១៩ ដែលប្រទេសនេះបានឧបត្តម្ភវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ១,០៥៦,០០០ ដូស ដល់កម្ពុជា នាពេលថ្មីៗនេះ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈវិធានការទប់ស្កាត់ដ៏មានប្រសិទ្ធភាព និងយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ ដែលអនុញ្ញាតឲ្យកម្ពុជាអាចបើកប្រទេស ដំណើរការសកម្មភាពសេដ្ឋកិច្ចពេញលេញឡើងវិញលើគ្រប់វិស័យ និងថ្មីៗនេះឈានទៅដល់ការលើកលែងការពាក់ម៉ាស់នៅទីសាធារណៈទូទាំងប្រទេស។
លោករដ្ឋមន្ត្រី បានបន្តថា ខណៈកម្ពុជាកំពុងបោះជំហានទៅមុខបន្ថែមទៀត ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងបដិវត្តឧស្សាហកម្មទី៤ វិស័យពាណិជ្ជកម្មនិងការវិនិយោគ បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណសម្រាប់កិច្ចស្វាគមន៍ និងបានទទួលស្គាល់នូវល្បឿននៃការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសវឌ្ឍនភាពថ្មីៗក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។ ក្នុងនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតបានជូនដំណឹងអំពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋអ៉ីតាលី ក្នុងការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះពិព័រណ៍ពិភពលោកនៅទីក្រុងរ៉ូមឆ្នាំ២០៣០ ខាងមុខ។
លោក ប៉ាន សូរស័ក្តិ បានសូមជូនពរឲ្យសាធារណរដ្ឋអ៊ីតាលី ទទួលបានជោគជ័យ និងការគាំទ្រពីសមាជិកនៃ BIE ចំពោះដំណើរការបោះឆ្នោតខាងមុខ ក្នុងអំឡុងសន្និសីទប្រចាំឆ្នាំរបស់ Bureau International of Expositions នៅឆ្នាំ២០២៣។
ក្នុងជំនួបពិភាក្សានេះ លោករដ្ឋមន្ត្រី និង លោកឯកអគ្គរដ្ឋទូត បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្ត បន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មឱ្យកាន់តែមានភាពរឹងមាំ បន្ថែមទៀត តាមរយៈការទាក់ទាញអ្នកវិនិយោគអ៊ីតាលីមកកម្ពុដើម្បីផ្លាស់ប្តូរព័ត៌មាន ធ្វើកិច្ចសម្រួលពាណិជ្ជកម្ម និងពិនិត្យពីសក្តានុពលដែលកម្ពុជាមាន ដូចជាវិស័យកសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃ និងវិស័យទេសចរណ៍។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-អ៉ីតាលី សម្រេចបានប្រមាណ ៣៤៨.៣ លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ និង៣៧៥.៣លានដុល្លារអាមេរិកនៅឆ្នាំ២០១៩ (កំណើន ៧.៧៤%)។ ដោយទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា-អ៉ីតាលី បានថយមកត្រឹម ៣៣១.៦ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ (ថយចុះ១១.៦៤%) ហើយកើនឡើងវិញបន្តិចបន្ទួចនៅឆ្នាំ២០២១ដែលមានចំនួន ៣៣៤លានដុល្លារអាមេរិក៕