(កំពង់ចាម)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស ជាថ្មីម្ដងទៀត នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួសរាន់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឲ្យបានគ្រប់ៗគ្នា គ្រាដែលរាជរដ្ឋាភិបាលបានសម្រេចដកកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ។

បើតាមលោកស្រី ឱ វណ្ណឌីន ការដកកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈរបស់រាជរដ្ឋាភិបាលនេះ គឺជាការគិតគូរដ៏ហ្មត់ចត់ និងត្រឹមត្រូវបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ទាប់ពីមើលឃើញពីស្ថានភាពធូរស្រាល និងអត្រាអ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជា មានការធ្លាក់ចុះ បើទោះបីអនុញ្ញាតឲ្យមានការឈប់សម្រាកជួបជុំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីក៏ដោយនោះ។

មន្ដ្រីជំនាញសុខាភិបាលរូបនេះ បានបន្ថែមទៀតថា បើទោះបីកាតព្វកិច្ចពាក់ម៉ាស់នៅទីសាធារណៈត្រូវបានដកយ៉ាងណាក្ដី ប៉ុន្ដែប្រជាពលរដ្ឋអាចសម្រេចចិត្តដោយខ្លួនឯង ក្នុងការបន្ដពាក់ ឬមិនពាក់ម៉ាស់។ តែសម្រាប់ការជួបជុំនៅតាមទីតាំងដែលបិតជិត ពិសេសមានប្រើប្រាស់ម៉ាស៉ីនត្រជាក់ គឺចាំបាច់ត្រូវតែបន្ដអនុវត្តវិធានការពាក់ម៉ាស់នេះដដែល ដើម្បីការពារការចម្លងជំងឺកូវីដ១៩។

ក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមូលដ្ឋានខេត្ដកំពង់ចាម លោកស្រី ឱ វណ្ណឌីន បានអះអាងថា ដើម្បីធានាដល់និរន្តរ៍ភាព នៃការដកកាតព្វកិច្ចពាក់ម៉ាស់នេះ ប្រជាពលរដ្ឋត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាល ត្រូវតែចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ យ៉ាងហោចណាស់អប្បបរមា ៣ដូសក្នុងមនុស្សម្នាក់ ដើម្បីបង្កើនភាពស៉ាំសហគមន៍។

សូមស្ដាប់ការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅខាងក្រោមនេះ៖