(កំពង់ធំ)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានជួបប្រជុំពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំខេត្តកំពង់ធំ ប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយនៅខេត្តកំពង់ធំ។

នាឱកាសនោះដែរ លោក ងួន រតនៈ បានថ្លែងនូវការស្វាគមន៍ចំពោះគណៈកម្មការទី១០ ព្រឹទ្ធសភា ដែលបានអញ្ជើញមកបំពេញបេសកកម្មក្នុងទឹកដីខេត្តកំពង់ធំ។

លោកបានជម្រាបជូនគណៈប្រតិភូអំពីទីតាំងភូមិសាស្ត្រ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការងារសង្គម និងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត។ ចំពោះការធ្វើកំណែទម្រង់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយ តម្លាភាព គណនេភាព និងបរិយាប័ន្ន ជាពិសេសភាពងាយស្រួល មិនសាំញ៉ាំ ឆាប់រហ័ស តាមរយៈយន្តការច្រកចេញចូតែមួយ និងការិយាល័យប្រជាពលរដ្ឋពិតជាកំណែទម្រង់ដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

អភិបាលខេត្តបានបញ្ជាក់ថា ទោះបីមានកិច្ចខិតខំប្រឹងប្រែងយ៉ាងនេះក្តី ក៏ខេត្តនៅជួបប្រទះបញ្ហាប្រឈមមួយចំនួនដែលទាមទារអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់សហការគ្នាជួយដោះស្រាយថែមទៀត។

លោក ម៉ម ប៊ុននាង បានថ្លែងថា ព្រឹទ្ធសភា ជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយមានមុខងារស្នូលចំនួន៣ គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង មុខងារនីមួយៗអនុវត្តក្នុងពេលវេលាខុសៗគ្នា។

លោកបន្តថាពេលនេះ គឺស្ថិតក្នុងចន្លោះសម័យប្រជុំព្រឹទ្ធសភាហេតុនេះគណៈកម្មការទាំង១០ របស់ព្រឹទ្ធសភា បាននិងកំពុងបំពេញមុខងារតាមដានការអនុវត្តច្បាប់ តាមរយៈការចុះជួបពិភាក្សាការងារជាមួយក្រសួង ស្ថាប័នតាមវិស័យជាសមត្ថកិច្ចនិងចុះតាមបណ្តារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហានានាទាក់ទងនឹងវិស័យជាសមត្ថកិច្ចរបស់ខ្លួនក្នុងការអនុវត្តតួនាទីភារកិច្ចក្នុងក្របខណ្ឌនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងលទ្ធផលការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងការអភិវឌ្ឍមូលដ្ឋាន»។

លោក ម៉ម ប៊ុននាង បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំខេត្តក៏ដូចជាមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការប្រុទ្ធប្រឆាំងអំពើពុករលួយ ការរំលោភអំណាច ជាពិសេសចូលរួមទប់ស្តាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ចំពោះអំពើពុករលួយនិងរំលោភអំណាចគឺជាឧបសគ្គដ៏ធំ និងចម្បង ក្នុងការកាត់បន្ថយល្បឿនក្នុងការអភិវឌ្ឍ និងការអនុវត្តកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងជាកម្មវត្ថុដែលអង្គភាពប្រឆាំងអំពើពុករលួយបាននិងកំពុងបង្ការទប់ស្កាត់ និងបង្ក្រាប ដោយអនុលោមតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

ដោយឡែកចំពោះបញ្ហាប្រឈម និងសំណូមពរនានាដែលអាជ្ញាធរខេត្តពុំអាចដោះស្រាយបានគណៈប្រតិភូគណៈកម្មការទី១០ នៃព្រឹទ្ធសភានឹងរាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ និងព្រឹទ្ធសភា ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការដោះស្រាយឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា៕