(កំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញចូលរួមក្នុងពិធីស្រាយបួស ខែរ៉ាម៉ាឌន ឆ្នាំ២០២២ ប្រចាំខេត្តកំពង់ឆ្នាំង ដែលរៀបចំដោយសមាគមប្រភពល្អកម្ពុជា ស្ថិតនៅសាលាខលិដហ្ពិនអាល់វ៉ាលិដ ឃុំឈូងស ស្រុកកំពង់ត្រឡោក ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន បានថ្លែងអំណរអរគុណ និងកោតសរសើរដល់ សម្ដេចតេជោ ហ៊ុន សែន ចំពោះការដឹកនាំប្រទេសដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ សម្ដេចតេជោ បានធ្វើឲ្យពិភពមានការស្ញប់ស្ញែង និងកោតសរសើរដល់កម្ពុជា ដោយសម្ដេចបានធ្វើឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខពីរ លើពិភពលោក ក្នុងនាមជាប្រទេសដែលមានការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋបានច្រើន។

លោកបានបន្តថា កន្លងមកសម្ដេចតេជោ បានប្រើយុទ្ធសាស្ត្រគ្រប់បែបយ៉ាងប្រកបដោយគុណភាព ក្នុងការគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់ ពីការរាតត្បាតជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា។ ហើយថ្មីនេះ សម្តេចតេជោ ក៏បានប្រកាសលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេសចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា។ នេះបញ្ជាក់ពីភាពជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ។

គួរជម្រាបផងដែរថា រាជរដ្ឋាភិបាលក៏កំពុងពិចារណា ក្នុងការផ្តល់វ៉ាក់សាំង ដូសជំរុញទី៥ ដល់ជួរមន្ត្រីរាជការ ហើយប្រទេសមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ធ្វើដូច្នេះដែរ៕