(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញចូលរួម ក្នុងកម្មវិធីសម្ពោធបណ្ណាល័យ នាវាយុវជន អាស៊ីអាគ្នេយ៍កម្ពុជា និងសាលាបឋមសិក្សា និងអនុវិទ្យាល័យពីងពង់ ដែលស្ថិតក្នុងឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមដោយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ, លោក លី សុន ប្រធានក្រុមការងារចុះជួយស្រុកឧដុង្គ រួមជាមួយសមាជិក សមាជិកា ចុះជួយឃុំដំណាក់រាំង ស្រុកឧដុង្គ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបទៀត។

ក្នុងរបាយការណ៍ លោក ស្រ៊ាង គឹមលី ប្រធានសមាគមន៍នាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំដំណាក់រាំង បានរៀបរាប់ពីសាវតានៃការសាងសង់ ដោយបានបញ្ជាក់ឱកាសផ្តល់ដោយ លោក ហ៊ុន ម៉ានី ក្នុងការចុះជួយឃុំដំណាក់រាំង ដែលជាហេតុធ្វើឱ្យឯកឧត្តម បានសិក្សាពីស្ថានភាព និងបញ្ហាប្រឈមនានាដែលខ្វះខាតក្នុងឃុំជាក់ស្តែង។

មូលហេតុទាំងនេះ បានធ្វើឲ្យក្រុមការងារកៀរគរសប្បុរសជននានា ដើម្បីសាងសង់អគារបណ្ណាល័យមួយខ្នង។ ដោយសារមានការខ្វះខាត អគារបណ្ណាល័យនេះ ត្រូវបានប្រើប្រាស់ជាថ្នាក់រៀនបណ្ដោះអាសន្ន ដើម្បីជួយដោះស្រាយបញ្ហាការខ្វះខាតអគារសិក្សាជាក់ស្តែង។

បន្ទាប់ពីបានស្ដាប់នូវការធ្វើរបាយការណ៍របស់លោក ស្រ៊ាង គឹមលី រួចមកលោក វ៉ី សំណាង បានសម្តែងការពេញចិត្តចំពោះការសម្រួល និងអភិវឌ្ឍវិស័យអប់រំក្នុងខេត្តកំពង់ស្ពឺ។

លោកបានថ្លែងបន្ថែមថា «កូនក្មួយបច្ចុប្បន្នមានសំណាង បានកាន់ប៊ិចកាន់សៀវភៅ ដើរចូលសាលា មិនចាំបាច់ពិបាកក្នុងការសាងសង់អាគារដោយ ខ្លួនឯងដូចកាលពីពូនៅជាសិស្ស ប្អូនៗ ក្មួយៗ មានសំណាងដែលទទួលបានអាគារសិក្សាថ្មី និងបណ្ណាល័យដើម្បីសិក្សារៀនសូត្រ និងស្វ័យសិក្សា»

លោកក៏បានធ្វើការកោតសរសើរដល់ក្រុមការងារ ដែលខិតខំប្រឹងប្រែងប្រមូលថវិការដើម្បីសាងសង់បណ្ណាល័យ ហើយភាពជោគជ័យទាំងអស់អស់នេះ គឺស្ថិតក្រោមបាតដៃនៃម្លប់សុខសន្តិភាព របស់សម្ដេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងពិធីសម្ពោធបណ្ណាល័យនាវាយុវជនអាស៊ីអាគ្នេយ៍ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ ពីងពង់ លោកបានថ្លែងអំណរគុណដល់សប្បុរសជន និងក្រុមការងារនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានផ្តល់ជូននូវអគារបណ្ណាល័យមួយខ្នង ជូនដល់ឃុំដំណាក់រាំងខេត្តកំពង់ស្ពឺ និងសូមអបអរសាទរដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សរួមទាំងប្រជាពលរដ្ឋ ឃុំដំណាក់រាំងដែលទទួលបានអគារថ្មី ដែលនេះនឹងក្លាយទៅជា ធនធានបន្ថែមទៀតសម្រាប់ការសិក្សារបស់ក្មួយៗ។ «ការផ្តល់ជូនអគារមួយខ្នងថ្មីនេះ គឺជាកាយវិការដែលគួរឲ្យកោតសរសើរ និងគួរឲ្យលើកទឹកចិត្ត ហើយដែលជាគំរូនៃការចូលរួមត្រឡប់មកវិញជូនដល់សង្គមជាតិ តាមលទ្ធភាពរៀងរៀងខ្លួន»

ក្រៅពីការសម្ភោធអគារបណ្ណាល័យថ្មី និងដោយមើលឃើញស្ថានភាពជាក់ស្ដែងនៃអគារចាស់ទ្រុឌទ្រោមមួយខ្នងនៅក្នុងសាលារៀន លោក ហ៊ុន ម៉ានី បានស្នើក្រុមការងារសិក្សាលទ្ធភាព នៅក្នុងការសាងសង់អគារថ្មីមួយខ្នង មានចំនួនបីបន្ទប់ ជំនួសឲ្យអគារដែលចាស់ទ្រុឌទ្រោម ដើម្បីផ្តល់ជូនជាកាដូបន្ថែមជូនទៅដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សក៏ដូចជាប្រជាពលរដ្ឋក្នុងឃុំដំណាក់រាំងផងដែរ។

សូមបញ្ជាក់ដែរថា បណ្ណាល័យនេះចាប់ផ្ដើមសាងសង់នៅក្នុងខែមិថុនា ឆ្នាំ២០២០ និងសាងសង់រួចរាល់ជាស្ថាពរក្នុងខែមិថុនា ឆ្នាំ២០២១ ដែលបណ្ណាល័យនេះមានឈ្មោះថា បណ្ណាល័យនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា មានទំហំ៨.៥ម៉ែត្រ គុណ ១៦ម៉ែត្រ។ បណ្ណាល័យនេះ ចំណាយថវិកាក្នុងការសាងសង់ប្រមាណ ៣០០០០ ដុល្លារ៕