(បន្ទាយមានជ័យ)៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿនអធិការនគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ កម្លាំងនគរបាលសង្កាត់ផ្សារកណ្តាល បានសហការជាមួយកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ត្រី ប្រិម សុផល នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាល។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥:៣០នាទីល្ងាច ដោយមានប្រជាពលរដ្ឋរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្ដាល ថាមានករណីចែកចាយគ្រឿងញៀន នៅចំណុចបន្ទប់ជួលទល់មុខផ្សារអូរនាង ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាល បានសុំបញ្ជាពីលោក វរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត ចុះទៅដល់ចំណុចដែលប្រជាពលរដ្ឋរាយការណ៍ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ មានឈ្មោះដូចខាងក្រោម៖

ទី១៖ ឈ្មោះ ផាន់ សារឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរបោកអ៊ុតខោអាវ (ម្ចាស់បន្ទប់ជួល)។

ទី២៖ ឈ្មោះ ផាន់ សុខលី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ។

បានដកហូតសម្ភារះវត្ថុតាងបានរួមមាន៖ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១, ប្រដាប់ចូកគ្រឿងញៀនចំនួន០១, បំពង់កែវចំនួន០១, ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១, ម្ស៉ៅក្រាមពណ៌សរថ្លាចំនួន០២កញ្ចប់តូច, ទូរស័ព្ទម៉ាក OPPO ចំនួន០២គ្រឿង។

តាមចម្លើយសារភាពខាងលើសម្ភារវត្ថុតាងទាំងអស់ជារបស់ឈ្មោះ ផាន់ សារឿន ដែលជាម្ចាស់បន្ទប់ជួល ហើយថ្នាំញៀនគេទិញពីឈ្មោះ ទូច សៀង ហៅ លាង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃគប់ សង្កាត់ អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យោងតាមចម្លើយសារភាពរបស់ឈ្មោះ ផាន់ សារឿន លុះដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១២៖៣០នាទី កម្លាំងប៉ុស្តិ៍ផ្សារកណ្តាល បានសហការជាមួយកម្លាំងជំនាញផែនគ្រឿងញៀន បន្តឃាត់ខ្លួនឈ្មោះ ទូច សៀង ហៅ លាង នៅចំណុចភូមិ ទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាល និងកម្លាំងជំនាញផ្នែកគ្រឿងញៀន បានដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា ១ថង់ (ទំងន់១ខាំ) ជញ្ជីងថ្លឹងថ្នាំញៀន១ និងថង់សម្រាប់ច្រកថ្នាំញៀន១ដុំ។ ជនសង្ស័យបានសារភាពថាថ្នាំញៀននោះជារបស់គាត់ ហើយបានទិញពីអ្នកនៅភ្នំពេញ តែមិនស្គាល់ឈ្មោះ បានទំនាក់ទំនងទិញ តាមរយៈលេខទូរស័ព្ទ៖ ០៩៧ ៤៤ ៤៨ ៧៤៤។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង០៣នាក់ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕