(បាត់ដំបង)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងពីតួនាទីរបស់នារីក្នុងវិស័យព័ត៌មាន។ បើសិននារីមានជំនាញច្បាស់លាស់ គឺងាយស្រួលក្នុងការបំពេញកិច្ចការងារ និងសរសេរបានស៊ីជម្រៅ លើវិស័យកុមារ ការងារសង្គម និងវិស័យនានាជាច្រើនទៀត។

លោកបានលើកឡើងថា ការងារព័ត៌មានប្រៀបដូចខ្យល់ក្នុងបាល់ បើខ្យល់តិចបាល់មិនសូវលោត តែបើខ្យល់ពេញ បាល់លោតបានល្អ ហើយការងារព័ត៌មាន បើមិនមានការយកចិត្តទុកដាក់ហាក់ដូចគ្មានបញ្ហានោះទេ តែព័ត៌មានក៏អាចធ្វើឲ្យសង្គមមួយរីកចំរើន មានស្ថេរភាព ឬអស្ថេរភាពបាន។

ការលើកឡើងរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីការឆ្លើយតបសេចក្ដីសន្និដ្ឋាន៥៧ចំណុច និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការអនុវត្តគោលនយោបាយសមភាព យេនឌ័រ សម្រាប់ប្រពន្ធ័ផ្សព្វផ្សាយថ្នាក់ក្រោមជាតិ រៀបចំឡើងដោយក្រុមការងារបច្ចេកទេសយេនឌ័រ ក្រសួងព័ត៌មាន ក្រោមកិច្ចសហការពីអាជ្ញាធរដែនដីខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នាសាលប្រជុំស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិខេត្តបាត់ដំបង។ សិក្ខាកាមចូលរួមក្នុងអង្គសិក្ខាសាលា ជាថ្នាក់ដឹកនាំ មន្រ្តី នៃមន្ទីរព័ត៌មានរាជធានីខេត្តមួយចំនួនទៀត។

បន្ទាប់ពីលោក សួស សុភក្រ័ ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ធ្វើរបាយការណ៍ជម្រាបជូនពីដំណើរការងារផ្សាយក្នុងខេត្ត ទាក់ទងការងារយេនឌ័រ រួចមក លោក សឿម ប៊ុនរិទ្ធិ អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា ខេត្តបាត់ដំបង ជាមួយនឹងសន្ទុះនៃការរីកចម្រើន និងកាលានុវត្តភាព ការវិនិយោគជាតិ និងអន្តរជាតិផងដែរ ក៏ត្រូវបានរាជរដ្ឋាភិបាលចាត់ទុក និងប្រកាសប្រែក្លាយឲ្យស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងសម្រេចឱ្យបាននូវគោលដៅកា្លយជាប្រទេសមានចំណូលខ្ពស់ កម្រិតមធ្យមនាឆ្នាំ២០៣០ ខាងមុខនេះ។

ខេត្តបាត់ដំបង ជាតំបន់ប៉ូលអភិវឌ្ឍជាតិមួយដ៏សំខាន់នៅទិសពាយព្យនៃកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់ ក្នុងផែនការរៀបចំដែនដីចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍខេត្តប្រកបដោយចីរភាពកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុង រមណីយដ្ឋានស្អាត ពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមាន ទំនាក់ទំនងជា មួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច ទីតាំង ភូមិសាស្ត្រ និងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ។

ជាមួយគ្នានេះ រដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់លើកស្ទួយតម្លៃស្រ្តី ខ្មែរក្នុងសង្គម ជំរុញការអភិវឌ្ឍស្ត្រីលើគ្រប់ផ្នែក លុបបំបាត់រាល់ទស្សនៈ ឬឥរិយាបថរើសអើងចំពោះស្រ្តី លើកទឹកចិត្តការចូលរួមដ៏សកម្មរបស់ស្រ្តី ក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការបន្តលើកកម្ពស់ សមភាពយេនឌ័រ និងសិទ្ធិរបស់ស្ត្រីសំដៅ៖

*បង្កើនតួនាទីរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ចតាមរយៈកម្មវិធីបណ្តុះបណ្តាលបំពាក់បំប៉នជំនាញបច្ចេកទេស ការផ្ដល់ឱកាសការងារ ការកសាងសហគ្រិនភាព ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ដោយ បង្កើនឱកាសរៀនសូត្ររបស់ស្ត្រីនិងក្មេងស្រី ពិសេសនៅកម្រិតមធ្យមសិក្សាទុតិយភូមិ និងឧត្តមសិក្សា។
*បង្កើនសមាមាត្រនៃស្ត្រីក្នុងស្ថាប័នសាធារណៈ ដើម្បីឱ្យស្ត្រីបានចូលរួមកាន់តែច្រើនឡើង ក្នុងការដឹកនាំ និងការធ្វើសេចក្ដីសម្រេច នៃអភិបាលកិច្ចទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
*ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយទាំងអស់ ត្រូវពង្រឹង និងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការបង្កើតកម្មវិធីអប់រំល្អៗ ដើម្បីបង្ហាញអំពី អត្តចរិតស្ត្រីខ្មែរ ជាពិសេសការស្លៀកពាក់ប្រកបដោយភាពថ្លៃថ្នូរមានលក្ខណៈជាស្ត្រីខ្មែរ ស័ក្តសមជា ប្រទេសដែលមានអរិយធម៌រុងរឿងនៅគ្រប់ជំនាន់។

ដូច្នេះសម្រាប់អង្គសិក្ខាសាលានាឱកាសនេះ គឺជាការជួបជុំគ្នា គឺសម្រាប់ផ្ទេរបទពិសោធន៍ការងារជាមួយគ្នា និងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីបង្កើនចំណេះដឹងបន្ថែមទៀត៕