(ព្រះសីហនុ)៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចការសាងសង់បាន៩០.៩៥% ហើយគិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ខណៈនឹងត្រូវដាក់ឲ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ នឹងចូលរួមចំណែកក្នុងការជំរុញឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ឱ្យមានការរីកចម្រើនលឿនជាងធម្មតា ដោយសាការធ្វើដំណើរឆាប់រហ័ស កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៤។

លោកថ្លែងបែបនេះនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឱកាសដឹកនាំក្រុមយុវជនក្រសួងសាធារណការ និងដឹកជញ្ជូន និងនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនសរុបប្រមាណ៣០០នាក់ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការងារសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ដំណើរទស្សនកិច្ចសិក្សាស្វែងយល់នេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើម របស់លោកទេសរដ្ឋមន្ត្រី ក្នុងគោលបំណង បង្ហាញឱ្យកូនខ្មែរបានយល់ដឹងអំពីបច្ចេកទេសនៃការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពដោយខ្លួនឯង ស្របតាមពាក្យស្លោក របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ ខ្មែរធ្វើបាន ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលកំពុងសិក្សាធ្វើផែនការមេ ដើម្បីឱ្យខេត្តព្រះសីហនុក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ហើយផ្លូវល្បឿនលឿននេះ នឹងចូលរួមបម្រើផែនការមេនេះក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀតផងដែរ។

ជាមួយគ្នានោះដែរពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចសិក្សានេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា តាមរយៈដំណើរទស្សនកិច្ចនេះ យុវជនក្រសួង និស្សិតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រធានមន្ទីរសាធារណការរាជធានីខេត្តទាំងអស់ និងប្រជាពលរដ្ឋ នឹងបានឃើញពីការរីកចម្រើនលើវិស័យសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ជាពិសេសផ្លូវល្បឿនលឿន បានចូលរួមដឹងឮ រៀនសូត្រ និងជួយផ្សព្វផ្សាយបន្តទៅកាន់ប្រជាពលរដ្ឋនៅតាមភូមិឃុំស្រុករបស់ខ្លួនថា ប្រទេសជាតិពិតជាមានការរីកចម្រើនប្រាកដមែន។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចវឌ្ឍនភាពការងារបាន៩០.៩៥% ហើយគិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ត្រៀមនឹងបញ្ចប់ដាក់ឱ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលវេលាសមស្រប ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារសហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤.៥ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង មានកន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩.១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១.៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕