(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស ការពារការឆ្លងជំងឺកូវីដ១៩នៅកម្ពុជា តាមទីសាធារណៈ បន្ទាប់ពីការឆ្លងរាលដាលជំងឺកូវីដ១៩នៅកម្ពុជា បានធូរស្រាលច្រើន។

ប្រជាពលរដ្ឋ, អាជីវករ, ពាណិជ្ជករ និងមន្ត្រីរាជការ បានបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង ក្រោយប្រមុខរាជរដ្ឋាភិបាល ប្រកាសពីការលើកលែង ការពាក់ម៉ាសនៅតាមទីសាធារណៈ ចាប់ពីថ្ងៃនេះតទៅ។

ពួកគាត់ក៏បានបង្ហាញក្តីសប្បាយរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅ ដល់ការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីរបស់សម្តេចតេជោ ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ គឺបានស្រោចវ៉ាក់សាំង នៅទូទាំងប្រទេស ធ្វើឲ្យកម្ពុជាអាចគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានល្អ និងតាមរយៈការខិតខំប្រឹងប្រែងអនុវត្តដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរដែនដីក្នុងការគ្រប់គ្រង ទប់ស្កាត់ការរីក រាលដាលជំងឺកូវីដ១៩។

សូមជម្រាបថា បន្ទាប់ពីទទួលយោបល់ពីកិច្ចប្រជុំអន្តរក្រសួងហើយនោះ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស នៅតាមទីសាធារណៈនានានៅទូទាំងប្រទេស ប៉ុន្តែតម្រូវឱ្យពលរដ្ឋបន្តពាក់ម៉ាសនៅកន្លែង ដែលការបិទជិតមានម៉ាស៉ីនត្រជាក់ជាដើម។

ការដកចេញនូវវិធានការពាក់ម៉ាសទៅតាមទីសាធារណៈនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល សង្កេតឃើញថា អត្រាឆ្លងជំងឺកូវីដ១៩ ក្នុងអត្រាទាបបំផុត ទោះបីជាកម្ពុជាបានអនុញ្ញាតឱ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដោយមានប្រជាពលរដ្ឋជាច្រើនលេងកម្សាន្ត ដោយមិនមានការពាក់ម៉ាស ឬរក្សាគម្លាតក៏ដោយ។

ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការពាក់ម៉ាស នៅកន្លែងដែលមានការសង្ស័យ ឬកន្លែងដែលមានមនុស្សច្រើន។ កន្លែងដែលធ្លាប់បានអនុវត្តតាមស្តង់ដាររបស់ក្រសួង ដូចជាភោជនីយដ្ឋានជាដើម ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួង។ សម្តេចតេជោ សង្ឃឹមថា ពលរដ្ឋខ្មែរនឹងបានរំដោះខ្លួនចេញពីការលំបាកដោយការចំណាយក្នុងការទិញម៉ាស់ ដែលជំនួសនូវការចាក់វ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយពេលលើកលែងកាតព្វកិច្ចពាក់ម៉ាសនេះ សម្តេចនៅតែលើកទឹកចិត្តឱ្យពលរដ្ឋធ្វើតេស្តរហ័ស ក្នុងករណីមានការសង្ស័យហើយដាក់ខ្លួនឱ្យនៅដាច់ដោយឡែកហើយព្យាបាល៕