(ភ្នំពេញ)៖ បន្ទាប់ពីបានសម្តែងការប្រតិកម្មយ៉ាងខ្លាំង និងខកចិត្តចំពោះការចុះផ្សាយរបស់កាសែត The Cambodia Daily ដែលបាននិយាយបំផ្លើសខុសពីការពិតនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដោយបានដាក់ចំណងជើងថា «លោក​ ហ៊ុន សែន ហាមឃាត់អ្នកដែលស្លៀកពាក់ពណ៌ដូចៗគ្នា មិនឲ្យប្រមូលផ្តុំសាធារណៈ», នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានផ្ញើលិខិតផ្លូវការមួយច្បាប់ជូនសារព័ត៌មាន The Cambodia Daily ដោយស្នើឲ្យធ្វើការកែតម្រូវជាបន្ទាន់ និងប្រញាប់ ចុះផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវឡើងវិញ ដើម្បីជៀសវាងការភ័ន្តច្រឡំសាធារណមតិ។

ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានអះអាងយ៉ាងថា ចំណងជើងរបស់កាសែតមួយនេះ «លោក​ ហ៊ុន សែន ហាមឃាត់អ្នកដែលស្លៀកពាក់ពណ៌ដូចៗគ្នា មិនឲ្យប្រមូលផ្តុំសាធារណៈ» គឺមានបំណងឲ្យមហាជនទាំងក្នុង​ និងក្រៅប្រទេស មានការច្រឡំយ៉ាងធ្ងន់បំផុតចំពោះវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល។ ដោយការចុះផ្សាយនេះមានលក្ខណៈញុះញង់ បំផ្លើស និងក្លែងខុស ពីប្រសាសន៍ដើមរបស់សម្តេច ក្នុងគោលបំណងញុះញង់ និងដុតកំហឹងប្រជាពលរដ្ឋ។

សូមជំរាបថា កាលពីម្សិលមិញក្នុងឱកាសអញ្ជើញជាអធិបតីចែកសញ្ញាបត្រ​ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ «ខ្ញុំបានប្រាប់ទៅសម្តេច ស ខេង ប្រាប់ទៅថ្នាក់ដឹកនាំដទៃទៀត កុំខ្វល់ពីរឿងពណ៌ ហ្អែងចង់ពណ៌អីក៏ដោយ ឲ្យតែធ្វើខុសច្បាប់ដាក់ទាំងអស់ហ្នឹង! អត់មានរញ៉េរញ៉ៃទេ [...]។ [...] កន្លែងខ្លះគេហៅពណ៌ទឹកក្រូច ខ្លះគេថាពណ៌ក្រហម ខ្លះគេថា ពណ៌ខ្មៅ ខ្ញុំថា ពណ៌អីក៏ដោយឲ្យតែធ្វើខុសច្បាប់ដាក់ទាំងអស់ហ្នឹង តុលាការគេបង្កើតឡើង ដើម្បីអនុវត្តច្បាប់ កម្លាំងប្រដាប់អាវុធគេបង្កើតឡើង ដើម្បីការពាររដ្ឋ គុកគេបង្កើតឡើងដើម្បីដាក់អ្នកទោសកុំឆ្ងល់ពេក»