(ភ្នំពេញ)៖ សមាគមជប៉ុន-កម្ពុជា (JCA) និងសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន (JAC) នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានរៀបចំការពិភាក្សាអាហារថ្ងៃត្រង់ និងចុះអនុស្សារណៈយោគយល់គ្នាមួយ ក្នុងគោលបំណងបង្កើតឱ្យមានឱកាសផ្សាភ្ជាប់ និងផ្គូរផ្គងអាជីវកម្មរវាងក្រុ មហ៊ុនក្នុងសមាគមទាំងពីរ។

ព្រឹត្តិការណ៍នេះ ជាការនាំសហគ្រិន និងម្ចាស់អាជីវកម្មពីក្រុមហ៊ុនធំ និងតូចក្នុងប្រទេសកម្ពុជា ក្នុងការទំនាក់ទំនងផលិតផល និងសេវាកម្មរបស់ពួកគេទៅកាន់ក្រុមហ៊ុនជប៉ុន។ ដូចគ្នានេះដែរ វាក៏ជាឱកាស សម្រាប់ក្រុមហ៊ុនជប៉ុនផ្សេងៗ ដែលស្វែងរកដៃគូអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើត ឬពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសកំពុងអភិវឌ្ឍនេះផងដែរ។

លោកបណ្ឌិត ង៉ូវ ប៉េងហ៊ុយ ប្រធានសមាគមអតីតនិស្សិតជប៉ុននៅកម្ពុជា បានថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលត្រូវបានចុះរវាងសមាគមជប៉ុន-កម្ពុជា (JCA) និងសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន (JAC) នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរវាងភាគីសងខាង និងកិច្ចសហការរវាងក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនជប៉ុន។ លោកសង្ឃឹមថា តាមរយៈអនុស្សារណៈនេះ នឹងអាចពង្រីកសក្តានុពលអាជីវកម្ម និងឱកាសវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើងពីក្រុមហ៊ុនជប៉ុន និងអាចអភិវឌ្ឍ និងពង្រឹងក្រុមហ៊ុនខ្មែរក្នុងស្រុកឱ្យកាន់តែរឹងមាំ។

លោកថ្លែងថា ការផ្គូរផ្គងអាជីវកម្មរវាងសមាគមជប៉ុន-កម្ពុជា (JCA) និងអតីតនិស្សិតខ្មែរពីប្រទេសជប៉ុននៅកម្ពុជា (JAC) ជាឱកាសរីកចម្រើនបន្ថែមទៀត ក្រោយស្ថានភាពជំងឺកូវីដ១៩ ខណៈដែលកម្ពុជាឈានទៅរកភាពល្អប្រសើរ ដោយសារយុទ្ធនាការចាក់វ៉ាក់សាំងដ៏ខ្លាំងក្លារបស់រដ្ឋាភិបាល។ ការដាក់កំហិតលើការធ្វើដំណើរក៏ត្រូវបានបន្ធូរបន្ថយផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនេះ សមាគមជប៉ុន-កម្ពុជា (JCA) និងអតីតនិស្សិតខ្មែរពីប្រទេសជប៉ុននៅកម្ពុជា (JAC) ក៏បានរៀបចំការផ្គូរផ្គងអាជីវកម្ម ដើម្បីលើកកម្ពស់បណ្តាញអាជីវកម្ម និងស្វែងរកឱកាសអាជីវកម្មបន្ថែមក្នុងចំណោមសមាជិកនៃអង្គការទាំងពីរ។ មានវិស័យឯកជន ប្រមាណជា ៣០ ក្រុមហ៊ុនមកពីប្រទេសជប៉ុន និង២០ ក្រុមហ៊ុនមកពីកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍នេះ៕