(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងតំណាងធនាគារ អេស៉ីលីដា បានធ្វើសិក្ខាសាលាផ្សព្វផ្សាយរួមគ្នា អំពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល (ដំណាក់កាលទី២) គាំទ្រការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម និងហិរញ្ញប្បទានគាំទ្រខ្សែច្រវាក់ផលិតកម្ម ស្វាយ ស្វាយចន្ទី និងមៀនប៉ៃលិន (កម្មវិធីហិរញ្ញប្បទានពិសេស ៤+៣) ដល់ប្រជាកសិករ សហគមន៍កសិកម្ម សហគ្រាសកែច្នៃ និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ក្នុងខេត្តកំពង់ចាម។

សិក្ខាសាលានេះ ធ្វើឡើងដោយមានការចូលរួមពីអភិបាលខេត្តកំពង់ចាម, អភិបាលរង, ប្រធានមន្ទីរកសិកម្ម, ប្រធានមន្ទីរពាណិជ្ជកម្ម, ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ, ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងថ្នាក់គ្រប់គ្រងខេត្តកំពង់ចាម។

ក្នុងសិក្ខាសាលានេះ លោកប្រតិភូរាជរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យប្រជាកសិករខេត្តកំពង់ចាម យកចិត្តទុកដាក់ក្នុងការផលិត ការកែច្នៃផលិតផលកសិកម្ម (ជាពិសេសដំណាំស្វាយ) រៀបចំផែនការផលិតផលដោយប្រុងប្រយ័ត្ន និងការសិក្សាអំពីស្ថានភាពទីផ្សារ។

ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនេះ ប្រជាកសិករ សហគមន៍កសិកម្ម និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម កសិកម្ម អាចទទួលបានហិរញ្ញប្បទានតារយៈ ធនាគារ ARDB និង ធនាគារ ACLEDA។

បន្ទាប់ពីសិក្ខាសាលាផ្សព្វផ្សាយហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនេះ, លោកបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចុះពិនិត្យផ្ទាល់ដល់ទីតាំងសិប្បកម្មឡសម្ងួត ពោត ក្រហម។

នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ដដែលនេះ លោក កៅ ថាច និងតំណាងធនាគារ អេស៉ីលីដា បានធ្វើសិក្ខាសាលាផ្សព្វផ្សាយរួមគ្នា អំពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល (ដំណាក់កាលទី២) គាំទ្រការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម និងហិរញ្ញប្បទានគាំទ្រខ្សែច្រវាក់ផលិតកម្ម ស្វាយ ស្វាយចន្ទី និងមៀនប៉ៃលិន (កម្មវិធីហិរញ្ញប្បទានពិសេស ៤+៣) ដល់ប្រជាកសិករ សហគមន៍កសិកម្ម សហគ្រាសកែច្នៃ និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ក្នុងខេត្តត្បូងឃ្មុំផងដែរ។

សិក្ខាសាលានេះ ក៏មានការចូលរួមពី អភិបាលរងខេត្តត្បូងឃ្មុំ,ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ប្រធានមន្ទីរពាណិជ្ជកម្ម ថ្នាក់គ្រប់គ្រងបណ្តាស្រុក ក្នុងខេត្តត្បូងឃ្មុំ និងប្រជាកសិករអញ្ជើញចូលរួមប្រមាណ៧៦នាក់។

ក្នុងសិក្ខាសាលានេះ លោក កៅ ថាច បានលើកទឹកចិត្ត និងជំរុញឱ្យប្រជាកសិករធ្វើការចុះបញ្ជីជាអ្នកអនុវត្តកសិកម្មល្អ (GAP) ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងដែលមិនមានជាតិពុល និងមានស្តង់ដារភូតគាមអនាម័យ អាចធ្វើការនាំចេញទៅប្រទេសចិន និងប្រទេសផ្សេងៗទៀតដោយផ្ទាល់។

លោកបណ្ឌិតបានលើកទឹកចិត្តប្រជាកសិកររៀបចំផែនការផលិតផលដោយប្រុងប្រយ័ត្ន និងការសិក្សាអំពីស្ថានភាពទីផ្សារអោយបានច្បាស់លាស់។ ជាពិសេស ប្រជាកសិករ ដែលអនុវត្តការដាំដុះបន្លែ ត្រូវធ្វើផែនការដាំដុះ ឬ កាលវិភាគដាំដុះ ដើម្បីផ្គត់ផ្គង់ឲ្យបានទៀងទាត់ និងសិក្សាពីប្រភេទដំណាំមុនធ្វើការដុះ កុំអោយជោរជន់លើទីផ្សារ ដែលអាចប្រឈមនឹងការធ្លាក់ថ្លៃពេលប្រមូល។

ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនេះ ប្រជាកសិករ សហគមន៍កសិកម្ម និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម កសិកម្ម អាចទទួលបានហិរញ្ញប្បទានតារយៈ ធនាគារ ARDB និង តាមរយៈធនាគារ អេស៉ីលីដា ក៏បាន ដោយសារធនាគារARDB បានធ្វើសហហិរញ្ញប្បទានចែករំលែកហានិភ័យជាមួយធនាគារ ACLEDA ៕