(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២២នេះ ទូរទស្សន៍ជាតិកម្ពុជា (ទទក) បានផលិតចម្រៀងមួយបទ ក្រោមចំណងជើងថា «បញ្ញាអង្គរ»

ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី២៦ ខែមេសា ដែលព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើង ដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដើម្បី «លើកកម្ពស់ការយល់ដឹងអំពីរបៀបដែលប៉ាតង់ ការរក្សាសិទ្ធិ ពាណិជ្ជសញ្ញា និងការរចនាមានឥទ្ធិពលលើជីវិតប្រចាំថ្ងៃ» និង «ដើម្បីអបអរសាទរការច្នៃប្រឌិត និងការរួមចំណែកដែលធ្វើឡើងដោយអ្នកបង្កើត និងអ្នកច្នៃប្រឌិតក្នុងការអភិវឌ្ឍន៍ នៃសង្គមជុំវិញពិភពលោក»។ ថ្ងៃទី២៦ ខែមេសា ត្រូវបានជ្រើសរើសជាកាលបរិច្ឆេទ សម្រាប់ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ព្រោះវាស្របនឹងកាលបរិច្ឆេទ ដែលអនុសញ្ញាស្តីអំពីការបង្កើតអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជាធរមានក្នុងឆ្នាំ១៩៧០។

WIPO ត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយ និងការពារកម្មសិទ្ធិបញ្ញា (IP) នៅទូទាំងពិភពលោក ដោយកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ក៏ដូចជាអង្គការអន្តរជាតិនានា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៦៧។ គិតត្រឹមដើមឆ្នាំ២០២២ WIPO មានរដ្ឋសមាជិកចំនួន ១៩៣ ហើយសកម្មភាពរួមមានការរៀបចំវេទិកា ដើម្បីពិភាក្សា និងរៀបចំច្បាប់ IP អន្តរជាតិ និង គោលនយោបាយ ការផ្តល់សេវាសកលដែលចុះឈ្មោះ និងការពារ IP នៅក្នុងប្រទេសផ្សេងៗគ្នា ការដោះស្រាយជម្លោះ IP ឆ្លងដែន ជួយភ្ជាប់ប្រព័ន្ធ IP តាមរយៈស្តង់ដារឯកសណ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ និងបម្រើជាមូលដ្ឋានទិន្នន័យយោងទូទៅលើបញ្ហា IP ទាំងអស់។

សម្រាប់កម្ពុជា បានចូលរួមជាមួយអង្គការ WIPO ក្នុងឆ្នាំ១៩៩៥ បន្ទាប់ពីការប្តេជ្ញាចិត្ត ក្នុងការអនុម័តច្បាប់សំខាន់ៗមួយចំនួន រួមទាំងច្បាប់កម្មសិទ្ធិបញ្ញាជាតិ និងបទប្បញ្ញត្តិពាក់ព័ន្ធមួយចំនួន។ ក្រោយចូលរួមបាន ២ឆ្នាំ ពោលគឺនៅឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចចេញអនុក្រឹត្យ បង្កើតនាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រោមក្រសួងពាណិជ្ជកម្ម។

ក្រោយចូលជាសមាជិកកម្ពុជា តែងតែរៀបចំទិវាកម្មសិទ្ធិបញ្ញា ជារៀងរាល់ឆ្នាំផងដែរ ហើយសម្រាប់ឆ្នាំ២០២២នេះ គឺនៅថ្ងៃទី២៦ ខែមេសាស្អែកនេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអង្គការ WIPO នឹងរៀបចំកម្មវិធី ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ក្រោមប្រធានបទ កម្មសិទ្ធិបញ្ញា និងយុវជន «ការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរ» នៅផ្សារទំនើបអ៉ីអន ម៉ល សែនសុខ ស៉ីធី (ជាន់ទី៣)។

ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២២ នឹងត្រូវរៀបចំឡើងក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដោយមានការចូលរួមពីលោកស្រីបណ្ឌិតសភាពចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក Daren Tan អគ្គនាយក WIPO តំណាងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា តំណាងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធផងដែរ។

សូមជម្រាបថា បច្ចុប្បន្នកម្ពុជាមានច្បាប់ទាក់ទងនឹងកម្មសិទ្ធិបញ្ញាចំនួន ៤ រួមមាន៖

១៖ ច្បាប់សី្តពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលត្រូវបាន ប្រកាសឲ្យប្រើបា្រស់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០២ បានបញ្ជាក់ពីភារកិច្ចរបស់ក្រសួងពាណិជ្ជកម្មចំពោះម៉ាក។ ក្រសួងពាណិជ្ជកម្ម មិនមែនគ្រប់គ្រងផ្តាច់មុខនូវរាល់បញ្ហាទាំងអស់ ដែលពាក់ព័ន្ធនឹងកម្មសិទិ្ធបញ្ញាទេ។

២៖ ច្បាប់សី្តពីប្រកាសនីយបត្រតក្កកម្ម ម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ត្រូវបានគ្រប់គ្រងដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។ ច្បាប់នេះត្រូវបានប្រកាសឲ្យប្រើប្រាស់ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣ នៅពេលដែលក្រសួងនេះកំពុងរៀបចំបទបញ្ញាតិ្ត ដូចជា អនុក្រឹត្យ ឬ ប្រកាសសម្រាប់អនុវត្តច្បាប់នេះ។

៣៖ ច្បាប់សី្តពីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល ដែលបានប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០០៣ ត្រូវបានគ្រប់គ្រងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់ការពារសិទិ្ធនេះ។

៤៖ ច្បាប់សី្តពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ បានអនុម័តនៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ២០០៨ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ៕