(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនព័ត៌មាន ហាមឃាត់ការចែកចាយ និងលក់ផលិតផលបំប៉នសុខភាព JOJU COLLAGEN ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ផលិតផលនេះ ត្រូវបានផ្សព្វផ្សាយលក់ដោយ គណនី Facebook ឈ្មោះ រស្មីឃ្វីនអិនទ័រ ប្រេនមាដាមដា។

ក្នុងសេចក្ដីជូនព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងសុខាភិបាល បានជម្រាបទៅកាន់ប្រជាពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយផលិតផលបំប៉នសុខភាព ដែលគ្មានលេខបញ្ជិកាខាងលើ និងឈប់ប្រើប្រាស់ផលិតផលនេះជាបន្ដទៀត ព្រោះផលិតផលនេះមិនអាចធានាបាននូវគុណភាព និងអាចធ្វើឲ្យគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។

ម្ចាស់គណនី Facebook ខាងលើ និងជនពាក់ព័ន្ធដ៏ទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ដែលគ្មានលេខបញ្ជិកាខាងលើជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ ទៅតាមច្បាប់ជាធរមាន៕