(ភ្នំពេញ)៖ រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា រវាងអាជ្ញាធរមីន និងមូលនិធិមនុស្សធម៌ Golden West ស្តីពីភាពជាដៃគូក្នុងកិច្ចប្រតិបត្តិការសកម្មភាពមីន មនុស្សធម៌នៅកម្ពុជា ក្នុងគោលដៅបង្កើនសមត្ថភាពដោះស្រាយតម្រូវការរបស់សហគមន៍សកម្មភាពមីនកម្ពុជា និងការធានាបាននូវការផ្សព្វផ្សាយ ការអនុវត្តនវានុវត្តន៍វិស័យមីន។

ពិធីនេះ បានប្រព្រឹត្តិទៅនៅទីស្នាក់ការអាជ្ញាធរមីន និងចុះហត្ថលេខាដោយ លោក ព្រំ សុភមង្គល អគ្គលេខាធិការ តំណាងឲ្យអាជ្ញាធរមីន និងលោក Len Austin នាយកមូលនិធិប្រចាំកម្ពុជា តំណាងដោយឲ្យមូលនិធិមនុស្សធម៌ Golden West ។

លោក Len Austin បានលើកឡើងថា ចាប់តាំងពីឆ្នាំ ១៩៩៨ មូលនិធិមនុស្សធម៌ Golden West បានចូលរួមដោះស្រាយនូវបញ្ហាខ្វះខាតមួយចំនួន ដល់ប្រទេសដែលរងផលប៉ះពាល់ ដោយមីននៅទូទាំងពិភពលោក តាមរយៈការអភិវឌ្ឍការច្នៃប្រឌិតបច្ចេកវិជ្ជា និងការបណ្តុះបណ្តាលបច្ចេកទេស ដែលត្រូវបានប្រើប្រាស់ដើម្បីបង្កើនប្រសិទ្ធភាពជាសកល នៃសហគមន៍សកម្មភាពមីនមនុស្សធម៌។

Golden West បានធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងភ្នាក់ងារបោសសម្អាតមីនមនុស្សធម៌ ចាប់តាំងពីឆ្នាំ២០០៥ ហើយជាមួយនឹងភាពជាដៃគូ ជាមួយអាជ្ញាធរមីននាថ្ងៃនេះ អាចនឹងបង្កើនសមត្ថភាពបន្ថែម ក្នុងការដោះស្រាយតម្រូវការរបស់សហគមន៍សកម្មភាពមីនកម្ពុជា តាមរយៈការគាំទ្រ ដល់អ្នកដោះមីនការអនុវត្តនវានុវត្តន៍ថ្មី។

លោទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ពិធីចុះហត្ថលេខាលើភាពជាដៃគូនេះ នឹងចូលរួមជួយលើកកម្ពស់ទំនើបនីយកម្មលើជំនាញបច្ចេកទេស និងការឆ្នៃប្រឌិតក្នុងការងារបោសសម្អាតមីនតាមបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ដែលនឹងផ្តល់នូវសុវត្ថិភាពកាន់តែខ្ពស់បន្ថែមទៀតសម្រាប់អ្នកដោះមីន និងកាន់តែមានប្រសិទ្ធភាព និងរហ័សជាមុន ក្នុងការរំដោះផ្ទៃដីជូនប្រជាពលរដ្ឋ។

លោកបានបន្ថែមទៀតថា កម្ពុជា នឹងពង្រឹងការអនុវត្តការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ក្នុងការចូលរួមដោះស្រាយបញ្ហាមីន ព្រមទាំងជួយផ្តល់នូវ វឌ្ឍនៈភាពលើមធ្យោបាយស្រាវជ្រាវសម្រាប់វិស័យមីនមនៅកម្ពុជា ដែលភាពជាដៃគូនេះ នឹងជួយពន្លឿនឲ្យកម្ពុជាឆាប់សម្រេចនូវគោលដៅរបស់ខ្លួន ផងដែរ៕