(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាលោក ប៉ាប្លូ កាង (H.E. Mr. PABLO KANG) បានកោតសរសើរអាជ្ញាធររាជធានីភ្នំពេញ ដែលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ពិសេសគឺការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាបានយ៉ាងល្អ ដែលធ្វើឲ្យជំងឺនេះមិនរីករាលដាលធ្ងន់ធ្ងរ។

ការកោតសរសើរបែបនេះរបស់លោក ប៉ាប្លូ កាង (H.E. Mr. PABLO KANG) បានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ខណៈលោកបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ប៉ាប្លូ កាង បានលើកឡើងថា សម្រាប់រាជធានីភ្នំពេញ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ពិតជាបានល្អប្រសើរ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺនេះ ហើយខណៈដែលរាជធានីភ្នំពេញ កំពុងប្រឈមនឹងការរីករាល ដាលកូវីដ១៩នោះ អាជ្ញាធររាជធានីភ្នំពេញ ពិតជាគ្រប់គ្រងបានយ៉ាងល្អប្រសើរ ដែលធ្វើឲ្យអត្រានៃការឆ្លងជំងឺនេះ មានលក្ខណៈធូរស្រាល មិនធ្ងន់ធ្ងរ ដូចបណ្ដាប្រទេសមួយចំនួនឡើយ។

លោក ប៉ាប្លូ កាង ក៏បានលើកឡើងផងដែរថា សម្រាប់អូស្ត្រាលី និងធ្វើការសិក្សាបន្ថែមទៅលើទីក្រុងវ័យឆ្លាត សម្រាប់រាជធានីភ្នំពេញ។ បន្ថែមពីនេះលោក ប៉ាប្លូ កាង ក៏បានសំដែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់រដ្ឋបាលរាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ ពិតជាអរគុណចំពោះការជួយរបស់អូស្ត្រាលី ទៅលើការសិក្សាទៅលើការរៀបចំ នៅទីក្រុងវៃឆ្លាតឲ្យរាជធានីភ្នំពេញ។ លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នឹងជួយជ្រោមជ្រែងគ្រប់ការងាររបស់ស្ថានទូតអូស្ត្រាលី។ រដ្ឋបាលរាជធានីភ្នំពេញនឹងសហការការងារជាមួយស្ថានទូតអូស្ដាលីឲ្យកាន់តែប្រសើរបន្ថែមទៀត ខណៈដែលកម្ពុជានិងអូស្ត្រាលី យើងមានទំនាក់ទំនងការទូតជាមួយគ្នា ជាង៧០ឆ្នាំមកហើយ។

គួរបញ្ជាក់ថា អតីតអគ្គមេបញ្ជាការ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) លោកឧត្តមសេនីយ៍ឯក John Murray Sanderson AC និងលោកស្រី Lorraine Sanderson នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ដើម្បីចូលរួមអបអរខួបទី៣០ឆ្នាំ នៃអ៊ុនតាក់ និងជាផ្នែកមួយនៃការអបអរខួបទី៧០ នៃទំនាក់ទំនងការទូត រវាងអូស្ត្រាលី និងកម្ពុជា។

ពាក់ព័ន្ធនិងអ៊ុនតាក់នេះ លោក ឃួង ស្រេង បានសម្ដែងនូវការអរគុណចំពោះអ៊ុនតាក់ ដែលបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាពសម្រាប់កម្ពុជា ដោយក្នុងនោះតួអង្គសំខាន់ ដែលរកសន្តិភាពបានពិតប្រាកដសម្រាប់ ប្រទេសកម្ពុជានោះ គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕