(កំពង់ឆ្នាំង)៖ កូនឈើប្រភេទឈើព្រៃលិចទឹកជាច្រើនប្រភេទ ត្រូវបានដឹកយកទៅដាំនៅក្នុងតំបន់៣ ក្នុងភូមិសាស្រ្តភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានបញ្ជាក់ថា ពិធីដាំកូនឈើព្រៃលិចទឹកខាងលើនេះ គឺដាំនៅក្នុងភូមិសាស្រ្តតំបន់បី ក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង មានកូនឈើចម្រុះជាច្រើនដូចជា ដើមសណ្តាន់ ដើមម្តេញ ដើមរាំង ដើមឬស្សីសរុបចំនួន ២៤,០០០ដើម។

យុទ្ធនាការនេះដឹកនាំការដាំក្រោមអធិបតីភាពពីលោក សូខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ដោយ មានការចូលរួម ពីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តលោកអភិបាលស្រុកកំពង់លែង លោកអភិបាលរងស្រុក ក្រុម ប្រឹក្សាឃុំ មេភូមិ ប្រជាការពារភូមិ សិស្សានុសិស្សនិងប្រជាពលរដ្ឋ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រ ភេទសរុបជាច្រើននាក់។

លោកអភិបាលស្រុក បានបន្តឲ្យដឹងទៀតថា ចំពោះព្រៃ លិចទឹក ស្ថិតក្នុងតំបន់៣ជួរបឹងទន្លេសាប ក្នុងខេត្តកំពង់ ឆ្នាំង ដែលរងនូវការបំផ្លិចបំផ្លាញកន្លងទៅ បច្ចុប្បន្នកំពុង តែដាំឡើងវិញជាបន្តបន្ទាប់ ដើម្បីប្រែក្លាយតំបន់៣ ពីដីវាលរហោស្ថានឲ្យទៅជាដីមានព្រៃលិចទឹកដុសជុំជិតសម្រាប់ជាជម្រកត្រីពងកូន។

ទាំងងនេះក៏ដោយសារតែមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ពិសេសគឺលោកអភិបាលខេត្ត ដែលកន្លងមកលោកតែងតែបានដឹកនាំយុទ្ធនាការដាំកូនឈើព្រៃលិចទឹកជាបន្តបន្ទាប់ នៅក្នុងតំបន់ព្រៃលិចទឹកគ្រប់ទីកន្លែង ក្នុងខេត្តកំពង់ឆ្នាំង ដែលបានរងនូវការកាប់បំផ្លាញពីជនខិលខូចកន្លងមក៕