(ភ្នំពេញ)៖ នៅព្រឹកទី២៥ ខែមេសា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយផែនការ និងប្រគល់ភារកិច្ច ដើម្បីរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនកម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្ត្រីលើកទី១ និងកិច្ចសន្ទនាគោលនយោបាយការពារជាតិ ថ្នាក់អនុរដ្ឋមន្ត្រីលើកទី៥។ កិច្ចប្រជុំនេះ ធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ដោយផ្ដោតសំខាន់លើដំណើរការទូទៅនៃការរៀបចំជំនួបនេះ ដើម្បីទទួលបានជោគជ័យ នៅគ្រាដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២នេះ៕