(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ដូសទី២ និងបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ សូមអញ្ជើញទៅចាក់វ៉ាកសាំងឱ្យបានគ្រប់គ្នា ទៅតាមការជូនដំណឹងរបស់អាជ្ញាធរ។

លោកថា ការចាក់វ៉ាក់សាំងបង្កើនភាពស៊ាំក្នុងខ្លួន ហើយបើយើងឆ្លងវាមិនមានហានីភ័យដល់អាយុជីវិត។ លោក ងួន រតនៈ បានអំពាវនាវនេះ ធ្វើឡើងក្នុងពីធីអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅស្រុកស្ទោងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។

លោក ងួន រតនៈ បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកចាក់វ៉ាក់ការពារជំងឺកូវីដ១៩ ស្របតាមការអំពាវនាវរបស់សម្តេចតេជោ និងជាពិសេសថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានគិតគូរពីសុខុមាលភាពដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងសម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋគ្រប់រូបកន្លងមក រហូតទប់ស្កាត់ការឆ្លងជំងឺកូវីត១៩ មានការថយចុះយ៉ាងឆាប់រហ័យ ជាពិសេសសម្តេចបានបើកឲ្យមានការចូលឆឆ្នាំថ្មីប្រពៃណីជាតិ មានការជួបជុំបងប្អូន មានការសប្បាយរីករាយ គ្រប់វត្តអារាម និងគ្រប់ទីកន្លែងទាំងអស់៕