(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្កើតកម្មវិធីស្វែងយល់អំពីការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងក្នុងស្រទាប់មហាជននៅទូទាំងប្រទេស អំពីសារៈសំខាន់នៃការបោះឆ្នោត។

កម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះនឹងត្រូវបានធ្វើការផ្សព្វផ្សាយតាមវិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត ចាប់ពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ តាមរយៈការធ្វើវិមជ្ឈការការងារអប់រំម្ចាស់ឆ្នោតជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ធ្វើជាវាគ្មិនឆ្លើយសំណួរមិត្តអ្នកស្តាប់ ១ម៉ោង ក្នុង១ថ្ងៃ សម្រាប់រយៈពេល ៣៥ថ្ងៃ តាមវិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត។

កម្មវិធីនេះ គឺជាការបើកឱកាសដល់បងប្អូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធដទៃទៀត ធ្វើការស្វែងយល់ ស្រាយចម្ងល់របស់ខ្លួន និងត្រៀមខ្លួនទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា កម្មវិធីនេះធ្លាប់ត្រូវបានរៀបចំ និងទទួលបានជោគជ័យ ព្រមទាំងការកោតសរសើរពីគ្រប់មជ្ឈដ្ឋាននៅឆ្នាំ២០១៦ ឆ្នាំ២០១៧ និងឆ្នាំ២០១៨។ អាស្រ័យហេតុនេះ សូមបងប្អូនប្រិយមិត្តអ្នកស្តាប់ទាំងអស់រង់ចាំតាមដានស្តាប់ និងចូលរួមសាកសួរទៅកាន់វាគ្មិនរបស់យើងដោយមេត្រីភាព៕