(ឧត្តរមានជ័យ)៖ អគារសម្រាប់សិស្សសិក្សាសង់អំពីថ្ម ប្រក់ក្បឿងចំនួន ១ខ្នង ៤បន្ទប់ អគារសម្រាប់ទីចាត់ការ និងបណ្តាល័យសង់អំពីថ្ម ប្រក់ក្បឿងចំនួន ១ខ្នង ២បន្ទប់ បង្គន់អនាម័យ ចំនួន១ខ្នង ៤បន្ទប់ ព្រមទាំងរបងជុំវិញដងទង់ជាតិ ការចាក់ដីបំពេញថែមទៀតក្នុងបរិវេណសាលា ជាអំណោយចូលរួមកសាងសាលារបស់អ្នកឧកញ៉ា តាំង ផេងប៉ោ និងលោកស្រី ឃុន ណៃ ព្រមទាំងបុត្រាបុត្រី រួមជាមួយសប្បុរសជនដទៃទៀត ត្រូវបាន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្ដរាយ និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅទីតាំងសាលាបឋមសិក្សាថ្គាមរមាស ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោកទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងក្នុងឱកាសនោះថា «ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។ ចក្ខុវិស័យរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយលើកកម្ពស់វិស័យអប់រំ សម្រួលដល់សិស្សានុសិស្ស ដើម្បីឲ្យពួកគេកាន់តែងាយស្រួល និងមានឱកាសនៅរៀនសូត្រ សមតាមបំណងប្រាថ្នា»។

ថ្លែងក្នុងឱកាសនោះលោក ប៉ែន កុសល្យ បានបង្ហាញសេចក្តីរីករាយ និងសរសើរនូវទឹកចិត្តដែលអ្នកឧកញ៉ា តាំង ផេងប៉ោ និងលោកស្រី ឃុន ណៃ បានរួមចំណែកជួយនូវការអភិវឌ្ឍន៍វិស័យអប់រំ។ លោកអភិបាលខេត្តក៏បានផ្តាំផ្ញើ សួរសុខទុក្ខ និងតែងតែមានមនោសញ្ចេតនា ស្រឡាញ់រាប់អាន ដល់បងប្អូនសិស្សានុសិស្ស និងជួយដោះស្រាយទុក្ខលំបាក សព្វបែបយ៉ាង ក្នុងខេត្តទាំងមូល ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយជាតិ នៃការអប់រំសម្រាប់ ទាំងអស់គ្នា និងគោលដៅទី៤ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

លោកបានបន្តថា បច្ចុប្បន្នខេត្តឧត្តរមានជ័យ កំពុងមានអភិវឌ្ឍគ្រប់ទីកន្លែងដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ព្រមទាំងអគារសំណង់ ដើម្បីឆ្លើយតបតាមការសំណូមពររបស់ពលរដ្ឋ ជាពិសេសហេដ្ឋា រចនា សម្ព័ន្ធដែលរាជរដ្ឋាភិបាលកំពុងជំរុញ ការយកចិត្តទុក្ខដាក់តបណ្តាញពង្រីកសេវាពីក្រុងមកជនបទស្ទើរគ្រប់ទីកន្លែងទៅហើយ។

ក្នុងឱកាសនោះអ្នកឧកញ៉ា តាំង ផេងប៉ោ និងលោកស្រី ឃុន ណៃ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលលោកបានរួមចំណែកជួយដល់សង្គមជាតិ និងតែងតែចូលរួម សកម្មភាពសប្បុរសជូន សង្គម ជាច្រើនដូចជា សាងសង់អគារសិក្សា និងឧបត្ថម្ភសម្ភារៈរូបវ័ន្តផ្សេងៗ ដើម្បីដោះស្រាយទៅនឹងសំណូមពររៀនសូត្រ របស់សិស្សានុសិស្សស្ថិតនៅក្នុងតំបន់ដាច់ស្រយាល ស្របទៅតាមការអនុវត្តនូវគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។

នេះមិនមែនជាលើកដំបូងទេ ដែលអ្នកឧកញ៉ា បានចូលរួមចំណែកជួយដល់សង្គមជាតិ ជាពិសេសជួយដល់សិស្សានុសិស្ស ឲ្យទទួលបាននូវថ្នាក់រៀនប្រកបដោយផាសុកភាព ដែលជួយជំរុញឲ្យការសិក្សារបស់ពួកគេ កាន់តែមានភាពងាយស្រួល និងល្អប្រសើរឡើង។ អ្នកឧកញ៉ាបានថ្លែងថា «ខ្ញុំតែងតែមានសេចក្តីរីករាយ ក្នុងការរួមចំណែកលើវិស័យអប់រំនិងសំណង់ ព្រោះការសាងសង់អគារសិក្សា ដ៏មានគុណភាពរឹងមាំ និងសុវត្ថិភាពខ្ពស់ តែងតែជាសកម្មភាពមួយដ៏ល្អប្រពៃបំផុត ព្រោះប្អូនៗនឹងទទួលបានឱកាសសិក្សាគ្រប់ៗគ្នា ដែលជាកត្តាជម្រុញមួយដល់ការអភិវឌ្ឍន៍ប្រទេស ដូចនេះខ្ញុំសង្ឃឹមថា ការរួមចំណែកមួយនេះ នឹងជាគម្រូផ្តល់ផលជាវិជ្ជមានយូរអង្វែង ដល់កុមារា កុមារីគ្រប់ជំនាន់ក្រោយ»។

ជួសមុខឲ្យថ្នាក់ដឹកនាំអប់រំតាមឋានានុក្រម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍មាតាបិតាសិស្ស លោកអភិបាលស្រុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ ដែលបានផ្តល់នូវអគារអប់រំដ៏រឹងមាំ នាពេលនេះ និងសូមសន្យាថាប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ឲ្យចំគោលដៅ និងថែរក្សាឲ្យបានគង់វង្សយូរអង្វែង៕