(សៀមរាប)៖ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប មន្ទីរពេទ្យទទួលពិនិត្យ ព្យាបាល ថែទាំអ្នកជំងឺដែលជាកុមារអាយុទើបនឹងកើតរហូតដល់ ១៦ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៩មក ដោយឥតគិតកម្រៃ ហើយគិតមកដល់បច្ចុប្បន្ន បានពិនិត្យថែទាំកុមារប្រមាណ ២.៥លានករណី។ មន្ទីរពេទ្យកុមារអង្គរ ត្រូវបានទទួលស្គាល់ថា ជាមន្ទីរពេទ្យសប្បុរសធម៌ដែលមានគុណភាពនៃការព្យាបាលខ្ពស់ និងព្យាបាលប្រកបដោយក្តីមេត្តាករុណា។

ដោយមើលឃើញពីតួនាទីដ៏សំខាន់របស់មន្ទីរពេទ្យកុមារអង្គរ និងតម្រូវការសុខភាព ជាពិសេសកុមារ និងក្រុមគ្រួសារដែលមានជីវភាពលំបាកក្រីក្រ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ (Manulife) បានរួមចំណែកនៅក្នុងកិច្ចការងារមនុស្សធម៌ដ៏សំខាន់មួយនេះ តាមរយៈការផ្តល់ជំនួយជាថវិកាដល់គម្រោងសុខភាពសហគមន៍របស់មន្ទីរពេទ្យកុមារអង្គរនៅក្នុងឆ្នាំ២០២២នេះ ប្រមាណ ១១ម៉ឺនដុល្លារអាមេរិក។

នៅក្នុងជំនួបរវាង លោក Justin Herferich ប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ប្រចាំប្រទេសកម្ពុជា និងលោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២កន្លងទៅ នៅក្នុងមន្ទីរពេទ្យកុមារអង្គរ អ្នកទាំងពីរបានពិភាក្សាផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើកកម្ពស់សុខភាពសាធារណៈ នៅតាមសហគមន៍ រួមបញ្ចូលទាំងការអប់រំសុខភាពស្តីអំពីអាហារូបត្ថម្ភ គម្រោងអភិវឌ្ឍន៍គុណភាពសេវាសុខភាពនៅក្នុងមណ្ឌលសុខភាព និងគម្រោងកសាងសមត្ថភាពនិងអប់រំសុខភាពតាមសាលារៀន។

បន្ថែមពីលើសកម្មភាពអប់រំសុខភាពនៅក្នុងសហគមន៍ ដែលបានកើតឡើងក្នុងឆ្នាំកន្លងមក ឆ្នាំថ្មី ឆ្នាំ២០២២ នេះ ក្រុមការងារអប់រំសុខភាពសហគមន៍នៃមន្ទីរពេទ្យកុមារអង្គរក៏បានបន្ថែមតំបន់គោលដៅមួយទៀត ដែលមានទីតាំងនៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលមានរយៈចម្ងាយប្រមាណជា ៦០គីឡូម៉ែត្រពីព្រំប្រទល់ខ្មែរ-ថៃ ជាស្រុកមួយដែលមានប្រព័ន្ធសុខាភិបាលមានកម្រិតនៅឡើយ។

នៅក្នុងកិច្ចសហប្រតិបតិ្តការដ៏សំខាន់ និងចម្បងមួយនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ប្រចាំប្រទេសកម្ពុជា ផ្តល់ជំនួយជាទឹកប្រាក់ចំនួន ១១០,០០០ដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ទៅលើរាល់សកម្មភាពសហគមន៍ដែលផ្តល់ដោយមន្ទីរពេទ្យកុមារអង្គរ។

គម្រោងសហគមន៍ធំៗទាំងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បង ដើម្បីផ្តល់ការអប់រំសុខភាព និងលើកកម្ពស់សុខភាពដល់សហគមន៍ ដើម្បីកាត់បន្ថយអត្រាឈឺធ្ងន់ និងស្លាប់របស់មាតា និងទារក។ គម្រោងសកម្មភាពទាំងនោះរៀបចំឡើង ដើម្បីធានាបាននូវអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដោយមានការសម្របសម្រួលយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋាន ហើយមានសកម្មភាពផ្សេងៗដូចជាបណ្តុះបណ្តាលដល់ ក្រុមទ្រទ្រង់សុខភាពភូមិ គ្រូបង្គោលនៅតាមសាលារៀន កូនសិស្ស អ្នកភូមិផ្ទាល់អំពីការថែទាំសុខភាពមូលដ្ឋាន ការសង្គ្រោះបឋម អនាម័យទូទៅ សុខភាពធ្មេញនិងភ្នែក អាហារូបត្ថម្ភ ការកាត់បន្ថការប្រើប្លាសិ្ទក។ល។

លោក Justin Helferich មានប្រសាសន៍លើកឡើងថា «ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា យើងនឹងប្រារព្ធខួប ១០ឆ្នាំ នៅក្នុងខែមិថុនាខាងមុខនេះ។ ក្នុងនាមជាក្រុមហ៊ុនដែលមានវត្តមានយូរអង្វែងជាងគេក្នុងទីផ្សារកម្ពុជា យើងមានកិត្តិយសដែលបានបន្តផ្តល់នូវការគាំទ្រដល់សហគមន៍តាមរយៈមន្ទីរពេទ្យកុមារអង្គរដើម្បីការរស់នៅប្រកបដោយសុខភាពល្អសម្រាប់កុមារនៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។

លោកបានបន្តថា៖ «នេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដែលយើងកំពុងផ្តោតការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាព ជំរុញឱកាសសេដ្ឋកិច្ចរួម និងការពន្លឿនអនាគតប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍ អតិថិជន បុគ្គលិក និងដៃគូសហការរបស់យើង»

ឆ្លៀតក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា បានលើកឡើងថា ជានិច្ចកាល មេនូឡាយហ្វ៍ តែងតែបរិច្ចាគថវិកាជាច្រើនម៉ឺនដុល្លារដល់មន្ទីរពេទ្យកុមារអង្គរ។

លោកវេជ្ជបណ្ឌិត បានចាត់ទុកសកម្មភាពនេះសបញ្ចាក់នូវការយកចិត្តទុកដាក់ដ៏ប្រសើរថ្លៃថ្លាដល់កិច្ចការងារមនុស្សធម៌របស់ក្រុមហ៊ុន ថ្នាក់ដឹកនាំ និងបុគ្គលិករបស់មេនូឡាយហ្វ៍គ្រប់ៗរូប។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា បានង្ហាញក្តីសង្ឃឹមថា ក្រុមហ៊ុនឯកជននៅក្នុង និងក្រៅប្រទេសផ្សេងៗទៀត នឹងបន្តចូលរួមក្នុងកិច្ចការងារមនុស្សធម៌ឱ្យបានកាន់តែច្រើនដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការគាំពារសុខភាពកុមារ។

តំណាងឱ្យបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យ គិលានុបដ្ឋាក និងមាតាបិតា និងអ្នកជំងឺក្នុងមន្ទីរពេទ្យកុមារអង្គរទាំងអស់ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មេនូឡាយហ្វ៍ នូវកាយវិការដ៏សប្បុរសនេះ៕