(បាភ្នំ-ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានក្រុមការងារស្រុកបាភ្នំ រួមជាមួយសហការី បានជួបប្រជុំគ្នាជាមួយមន្រ្តីមូលដ្ឋានភូមិ-ឃុំទាំងអស់ក្នុងស្រុកបាភ្នំ ដើម្បីត្រួតពិនិត្យការអនុវត្តផែនការសកម្មភាព និងប្រមូលផ្ដុំជំរុញទិសដៅការងារសម្រេចជោគជ័យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ខាងមុខ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ដែលមានការចូលរួមរបស់អ្នកតំណាងរាស្រ្ត អស់លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារស្រុក ប្រធានក្រុមការងារឃុំ ប្រធានគណបក្សស្រុក អភិបាលស្រុក ប្រធានគណបក្សឃុំ មេឃុំ មន្រ្តី សាខាបក្សភូមិទាំង១០៨ និងមន្ត្រីមូលដ្ឋានដទៃទៀតសរុបអ្នកចូលរួមចំនួនមានប្រមាណជាង ៤០០នាក់។

បន្ទាប់ពីលោក ម៉ៅ អ៊ាង ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានគណបក្សស្រុកបាភ្នំ ធ្វើរបាយការណ៍សង្ខេបពីលទ្ធផលសម្រេចបាន និងការចូលរួមមតិពិភាក្សាយ៉ាងផុលផុសរបស់មន្រ្តីភូមិ និងឃុំមួយចំនួនពីវឌ្ឍនភាព និង បញ្ហាប្រឈមសេសសល់រួចមក លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែងនូវការកោតសរសើរវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងពុះពារការលំបាកសព្វបែបយ៉ាងរបស់ មន្ត្រីមូលដ្ឋានរយៈពេលកន្លងមក ដែលបានរួមចំណែករក្សាប្រៀបនយោបាយរបស់គណបក្សយើងនៅតាមមូលដ្ឋាន ដើម្បីឈានទៅសម្រេចឱ្យបាននូវការបេ្តជ្ញាចិត្តជាយុទ្ធសាស្រ្តសម្រាប់ដណ្ដើមជោគជ័យក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលដ៏ខ្លីខាងមុខនេះ។

លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានណែនាំក្រុមការងារមូលដ្ឋានភូមិឃុំត្រូវប្រកៀកស្មាគ្នាជាមួយមន្ត្រីមូលដ្ឋាន ដើម្បីបន្តពុះពាររស់នៅ និងបំពេញការងារតាមគន្លងប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ ជំរុញ ផ្សព្វផ្សាយពីសមិទ្ធផល និងកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលសម្រេចបានលទ្ធផលល្អប្រសើររយៈពេលជាងពីរឆ្នាំកន្លងមក ដែលបានប្រយុទ្ធឈ្នះកូវីដ-១៩បើកដំណើរការសេដ្ឋកិច្ចនិងសង្គមឡើងវិញបានដូចសព្វថ្ងៃ។

លោករដ្ឋមន្ត្រីប្រធានក្រុមការងារស្រុកបាភ្នំ ក៏បានលើកទឹកចិត្តក្រុមការងារតាមភូមិឃុំទាំងអស់ត្រូវយកចិត្តទុកដាក់រៀបចំវេទិកាសាធារណៈ ត្រួតពិនិត្យគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរកឱ្យឃើញនិងដោះស្រាយ ឱ្យបានទាន់ពេលវេលានូវរាល់ការលំបាក ទុក្ខកង្វល់ និងបញ្ហាថ្នាំងថ្នាក់ខ្លះក្នុងចំណោមប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ជាទីបញ្ចប់ លោក រដ្ឋ មន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានអំពាវនាវដល់ក្រុមការងារទាំងអស់ត្រូវបន្តចូលរួមក្នុងចលនាជាតិក្រោមមគ្គុទេសក៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគ្រប់គ្រងបញ្ហាកូវីដ-១៩ ដោះស្រាយរាល់ផលវិបាកដែលបង្កឡើងដោយជំងឺដ៏កាចសាហាវនេះ សំដៅបង្កើនសន្ទុះសេដ្ឋកិច្ច-សង្គមជាតិឆ្ពោះទៅមុខយ៉ាងរឹងមាំជាលំដាប់ សំរាប់ឈានទៅដណ្ដើម ជ័យជំនះក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាននៅក្នុងឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ខាងមុខជាក់ជាមិនខាន៕