(ភ្នំពេញ)៖ លោក សុខ សូកេន សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា យុវជនជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់ចូលរួមកសាងសង្គមនាពេលបច្ចុប្បន្ន និងពេលអនាគត តាមរយៈការចូលរួមរបស់យុវជននៅគ្រប់តំបន់នឹងអាចពង្រឹងភាពធន់របស់សង្គម ដើម្បីឱ្យមានភាពប្រសើរឡើង នៃពិភពលោកសម្រាប់ជំនាន់ក្រោយៗទៀត។

ការលើកឡើងបែបនេះរបស់លោក សុខ សូកេន បានធ្វើឡើងនាឱកាសលោកបានអញ្ជើញចូលរួមក្នុងពិធីញ្ជើញប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រចាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។

ពិធីនេះមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការគណបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សរុបប្រមាណចំនួន ៣៥០រូប។

លោក សុខ សូកេន បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅក្នុងយុគសម័យនៃបដិវដ្តឧស្សាហកម្ម៤.០នេះ ជាពិសេសក្នុងបរិបទនៃភាពមិនប្រាកដប្រជានៃនយោបាយពិភពលោក បានស្ដែងឱ្យឃើញនូវផលប៉ះពាល់ជាច្រើន ផ្នែកនៃនិន្នាការសកល ដែលបានបង្ហាញពីភាពផុយស្រួយរបស់ស្ថានភាពពិភពលោកនៅក្នុងកម្រិតផ្សេងៗគ្នា។ យុវជនជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់ចូលរួមកសាងសង្គមនាពេលបច្ចុប្បន្ន និងពេលអនាគត ហើយតាមរយៈការចូលរួមរបស់យុវជននៅគ្រប់តំបន់ យើងនឹងអាចពង្រឹងភាពធន់របស់សង្គម ដើម្បីឱ្យមានភាពប្រសើរឡើងនៃពិភពលោកសម្រាប់ជំនាន់ក្រោយៗទៀត»

លោក សុខ សូកេន ក៏បានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំថា តាមរយៈការចូលរួមរបស់យុវជនគ្រប់ជំនាន់របស់គណបក្សប្រជាជនកម្ពុជា យើងនឹងអាចបំពេញដោយជោគជ័យនូវបេសកកម្ម ដ៏ត្រចះត្រចង់សម្រាប់សង្គមជាតិរបស់យើង៕