(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង, លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមការងារនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) និងកម្មករ-កម្មការិនី ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាថាន ក្នុងយុទ្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រោមយុទ្ធសាស្រ្តផ្ការីករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ពិធីសំណេះសំណាលនេះ មានការចូលរួមពី លោក ជ័យ សុន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង លោក ហេង សុខគង់ ប្រធាន.ស.គ.ស.ស.យ.ក តំណាង លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លោក Clement Yang ប្រធានតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាថាន និងរដ្ឋបាលក្រុងបាវិត។

លោក Clement Yang បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវការដឹងគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់សុខមាលភាពរបស់កម្មករ-កម្មការិនីក្នុងតំបន់សេដ្ឋកិច្ចពិសេស ម៉ាន់ហាថាន ក៏ដូចជាក្នុងក្រុងបាវិតទាំងមូល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.គ.ស.ស.យ.ក ចាក់វ៉ាក់សាំងដូសជំរុញដោយឥតគិតថ្លៃ។

ជាមួយគ្នានេះ លោកបានស្នើសុំឲ្យកម្មករ-កម្មការិនីទាំងអស់ចូលរួមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅតាមរោងចក្រដែលខ្លួនកំពុងធ្វើការ តាមការរៀបចំរបស់ក្រុមគ្រូពេទ្យដើម្បីឲ្យយុទ្ធនាការនេះទទួលបានជោគជ័យ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងការជឿជាក់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈការបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា។

លោកទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់បងប្អូនកម្មករ-កម្មការិនី ក្នុងការធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ និងការរីកចំរើនសង្គមជាតិ តាមរយៈការបំពេញការងារនៅបណ្តារោងចក្រ និងសហគ្រាសនានាក្នុងប្រទេសកម្ពុជា។

លោកបានបន្តទៀត សម្តេចតេជោ បានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដូចជាការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងការបង្កើតឲ្យមានសន្តិភាពពេញលេញទូទាំង ប្រទេសតាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ ជាពិសេសថ្មីៗនេះប្រឈមមុខនឹងជំងឺដ៏កាចសហាវកូវីដ-១៩ សម្តេចតេជោ បានរិះរកគ្រប់មធ្យោបាយដើម្បីស្វែងរកនូវវ៉ាក់សាំងបង្ការកូវីដចាក់ជូនបងប្អូន ប្រជាពលរដ្ឋគ្រប់ៗគ្នាដែលជាវ៉ាក់សាំងជីវិត ដើម្បីឲ្យរួចផុតពីការបាត់បង់ជីវិតដោយសារជំងឺឆ្លងកូវីដ-១៩។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩របស់សម្តេចតេជោ បានធ្វើឲ្យពិភពលោកទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរាជរដ្ឋាភិបាលកម្ពុជា និងលទ្ធផលទទួលបានប្រកបដោយជោគជ័យក្នុងការទប់ស្កាត់ជំងឺឆ្លង និងបានធ្វើឲ្យប្រទេសជាតិវិលទៅរកប្រក្រតីភាពឡើងវិញ។

ដើម្បីឆ្លើយតបនឹងគុណបំណាច់របស់សម្តេចតេជោ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកម្មករ-កម្មការិនីទាំងអស់ ត្រូវបន្តការគាំទ្រការដឹកនាំរបស់សម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតគាំទ្រសម្តេចតេជោជានាយករដ្ឋមន្រ្តីក្នុង២០២៣ និងឆ្នាំបន្តៗទៀត៕